មនុស្សជាង៨០០ នាក់ចូលរួមរត់ប្រណាំង”កីឡា និងបេតិកភណ្ឌពិភពលោក” នៅរមណីយដ្ឋានប្រាសាទព្រះវិហារ

ព្រះវិហារ÷ ដើម្បីចូលរួមអបអរសាទរខួបលើកទី១៦ ដែលប្រាសាទព្រះវិហារត្រូវបានដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ( ៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៤ )នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរជាតិព្រះវិហារបានរៀបចំកម្មវិធីរត់ប្រណាំង ក្រោមពាក្យស្លោក “កីឡា និងបេតិកភណ្ឌពិភពលោក” នៅរមណីយដ្ឋានប្រាសាទព្រះវិហារ ដែលមានអ្នកចូលរួមចំនួន ៨៨០នាក់។

អាជ្ញាធរជាតិព្រះវិហារបានបញ្ជាក់ថា ការរៀបព្រឹត្តិការណ៍​កីឡា​ Preah Vihear Temple Run 2024​ ដើម្បីចូលរួមអបអរ ខួបលើកទី១៦​ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ​ ក្នុងបញ្ជី​សម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ។អ្នកចុះឈ្មោះចូលរួមមានជនបរទេសចូលរួមផងដែរ។ការរត់ប្រណាំងលើវិញ្ញាសាចំនួន៤រួមមាន៖ រត់ចម្ងាយ​ ៣០គីឡូម៉ែត្រ, រត់ចម្ងាយ​ ២១គីឡូម៉ែត្រ, រត់ចម្ងាយ​ ៧គីឡូម៉ែត្រនិងដើរចម្ងាយ​ ៧០០ម៉ែត្រ។

ប្រាសាទព្រះវិហារត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកនៅថ្ងៃទី៧ ខែកក្កដាឆ្នាំ២០០៨ នៅក្នុងកិច្ចប្រជុំលើកទី៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោកក្នុងទីក្រុងកេប៊ិច ប្រទេសកាណាដា។

បច្ចុប្បន្នប្រាសាទព្រះវិហារស្ថិតនៅក្នុងក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិព្រះវិហារនិងទទួលបានការយកចិត្តទុកដាក់គាំទ្រពីប្រទេសស្ថានិក ICC-Preah Vihear ទាំងជំនួយថវិកា និងបច្ចេកទេសលើការងារអភិរក្សនិងអភិវឌ្ឍក្នុងតំបន់ប្រាសាទ ព្រះវិហារ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *