អាជ្ញាធរស្រុកប្រាសាទសំបូរ ចុះយុទ្ធនាការដើមកូនឈើប្រណិតចំនួន ១.៣០០ដើម

កំពង់ធំ៖  នៅព្រឹកថ្ងៃទី២៦ ខែមិថុនាឆ្នាំ ២០២៤ អភិបាលស្រុកប្រាសាទសំបូរ បានដឹកនាំមន្ត្រីរាជការ កងកម្លាំងទាំងបី ព្រះសង្ឃ គណៈកម្មការវត្ត ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិក្សានុសិស្ស និងគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា សរុបប្រមាណ៥០០នាក់ ចូលរួមដាំកូនឈើក្នុងបរិវេណវត្តសម្បូរណ៍ ស្ថិតនៅភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។ ថ្លែងក្នុងឱកាសនេះលោក ឃីម សុខឃាង អភិបាលស្រុកបានថ្លែងពីសារប្រយោជន៍នៃព្រៃឈើ ជាជម្រកមនុស្ស និងសត្វទាក់ទាញទឹកភ្លៀង កាត់បន្ថយសីតុណ្ហភាព ការពារការហូរច្រោះដី បញ្ចេញអុកស៊ីសែននិងស្រូបឧស្ម័នកាបូនិចការពារគ្រោះធម្មជាតិ (ខ្យល់ព្យុះ ទឹកជំនន់) ផ្ដល់ខ្យល់អាកាសបរិសុទ្ធ ជាតំបន់ទេសចរណ៍ធម្មជាតិព្រៃលិចទឹកជាជម្រកត្រីពង ជីវៈចម្រុះ និងបង្កើនជាតិដីសម្រាប់កសិកម្ម។

លោកអភិបាលស្រុកប្រាសាទសំបូរ បានណែនាំដល់ក្មួយៗសិស្សានុសិស្ស ត្រូវចេះស្រឡាញ់ព្រៃឈើព្រោះព្រៃឈើគឺជាជីវិត។  ត្រូវចេះសម្អាតបរិស្ថាន និងជាពិសេសក្មួយៗត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ចៀសវាងអំពើអបាយមុខ ដូចជាបងតូចបងធំ លេងល្បែងស៊ីសង និងសេពគ្រឿងញៀន។ល។

សូមបញ្ជាក់ថា គណៈអធិបតី និងអ្នកចូលរួមទាំងអស់ ក៏បានដាំកូនឈើប្រណិតជាច្រើនប្រភេទជាង១.៣០០ដើម នៅក្នុងបរិវេណវត្តសម្បូរស្ថិតនៅភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដើម្បីទុកជាសម្បត្តិធម្មជាតិនិងរក្សាទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ប្រភេទឈើប្រណិតនេះផងដែរ។

សំបូរកំពង់ធំ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *