ព្រះវិហារ៖ គ្រឿងញៀនជាង ១តោន ដែលបង្ក្រាបបាននាពេលកន្លងមក ត្រូវបានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត សម្រេចដុតបំផ្លាញចោល នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីចូលរួមអបអរសាទរ ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បី សហគមន៍គ្មានគ្រឿងញៀន” ។
ការប្រារព្ធពិធីដុតគ្រឿងញៀននេះ បានធ្វើឡើង នៅចំណុចដីឡូតិ៍មួយកន្លែងស្ថិតក្នុងភូមិសាស្ដ្រភូមិស្ថាពរ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម យុត្ត ពន្លឺ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត យុវជន សិស្សានុសិស្ស និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
យោងតាមរបាយការណ៍លោកឧត្តមសេនីយ៍ត្រី យ៉េង សារ៉េន ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងជាប្រធានអចិន្ដ្រៃយ៍លេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យ គ្រឿងញៀនខេត្ត បានបញ្ជាក់ឱ្យដឹងថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញចោលនាពេលនេះ គឺ បានធ្វើការរឹបអូសជាវត្ថុតាងចំនួន ៣៩សំណុំរឿង សរុបគ្រឿងញៀនមានទម្ងន់ប្រមាណជាង ១តោន ស្មើនិងប្រមាណ ១,០២១,៩១៨.៦២ក្រាម ក្នុងនោះ ប្រភេទមេតំហ្វេតាមីន (ICE) សរុប ទម្ងន់ ១,០២១,៨៦៣.៥៩ក្រាម និងប្រភេទមេតំហ្វេតាមីន (WY) សរុបទម្ងន់ ៥៥,០៣ក្រាម។
លោកបានបញ្ជាក់ថា បរិមាណគ្រឿងញៀនជាច្រើនសន្ធឹកសន្ធាប់ខាងលើនេះ ត្រូវបានក្រុមឧក្រិដ្ឋជន លួចនាំចូលមកតាមច្រកព្រំដែនឡាវ និងមកពីបណ្ដាខេត្តផ្សេងៗ ធ្វើអាជីវកម្ម ធ្វើជាជំនួញរបស់ខ្លួន ដើម្បីស្វែងប្រាក់ចំណូល។ លោកថា ឥទ្ធិពលគ្រឿងនេះ បានបង្កបទល្មើសនានាកើតមានឡើងក្នុងសង្គម ដូចជា អំពើឃាតកម្ម ចាប់ជំរិត រំលោភសេពសន្ថវៈ លួច ឆក់ប្លន់ទ្រព្យសម្បត្តិ អំពើហិង្សាក្នុងគ្រួសារ ក្រុមបងធំ បងតូច បង្កអសន្ដិសុខជាច្រើនដល់សង្គមជាតិ។
ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងដុតបំផ្លាញគ្រឿងញៀន នាឱកាសនេះ ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានផ្ដល់អនុសាសន៍ និងអំពាវដល់បងប្អូនជនរួមជាតិ គ្រប់ស្រទាប់វ័យ គ្រប់មជ្ឈដ្ឋាន និងគ្រប់វិស័យ សូមបន្ដអនុវត្ត ស្មារតីជាតិរបស់យើង ដោយចាត់ទុកបញ្ហាគ្រឿងញៀនជាបញ្ហារួម ដែលត្រូវរួមដោះស្រាយ និង លុបបំបាត់ទាំងអស់គ្នា។ សូមចូលរួមវិនិយោគលើវិធានការបង្កា និងលើកកម្ពស់ការផ្សព្វផ្សាយ អប់រំ ឱ្យបានទូលំទូលាយ ដើម្បីបញ្ជ្រាបការយល់ដឹង និងជាសារដាស់តឿនក្រើនរំលឹកជាប់ជា ប្រចាំដល់ពលរដ្ឋទូទាំងប្រទេសជាពិសេសយុវជនរបស់យើង។
បន្ថែមពីនេះគ្រប់មន្ដ្រីអង្គភាព និងរដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ ត្រូវបន្ដអនុវត្តបទបញ្ជាលេខ ០១បប គោលការណ៍ “សម្អាតចកចេញពីផ្ទៃបឹង” ដោយត្រូវពិនិត្យជាប្រចាំ មន្ដ្រីរាជការ ស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ និងត្រូវមានវិធានការទាន់ពេល និងម៉ឺងម៉ាត់បំផុតចំពោះមន្ដ្រី ទាំងឡាយណា ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ដើម្បីលើកកម្ពស់ភាពស្អាតស្អំ និងគំរូនៃការអនុវត្តច្បាប់។ ជាពិសេស ត្រូវយកចិត្តទុកដាក់ពង្រឹងសណ្ដាប់ធ្នាប់របៀបរៀបរយ បរិវេញជុំវិញសា លារៀន បំបាត់ករណីក្មេងទំនើង និងសិស្សគេចសាលា ដែលអាចជាគោលដៅឈានដល់ការប្រើ ប្រាស់គ្រឿងញៀន៕