ព្រះវិហារ÷ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារ អាណត្តិទី៥ លើកទី២ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល មកពីក្រសួងពាក់ព័ន្ធ ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោកជំទាវ និងមន្រ្តីអាជ្ញាធរជាតិព្រះវិហារជាច្រើនរូប។
កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំព្រះវិហារ នៃទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងាររបស់អាជ្ញាធរជាតិព្រះវិហារ ដែលជាសេនាធិការផ្ទាល់ឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការបំពេញបេសកកម្មទៅលេី កិច្ចការពារ គ្រប់គ្រងថែរក្សា អភិរក្ស និងអភិវឌ្ឍន៍ នៅក្នុងរមណីយដ្ឋានបេតិកភណ្ឌិភពលោកប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារនាព្រឹកនោះ បានពិភាក្សា អនុម័ត និងផ្តល់អនុសាសន៍ លើរបៀបវារៈសំខាន់ៗចំនួន៤រួមមាន៖ (១)របាយការណ៍លទ្ធផលអនុវត្តន៍អនុសាសន៍កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិព្រះវិហារអាណត្តិទី៥ លេីកទី១ (២)របាយការណ៍លទ្ធផលការងាររយៈពេល០៤ខែដេីមឆ្នាំ២០២៤ (៣)សំណេីសុំអនុម័ត និង(៤)បញ្ហាផ្សេងៗផងដែរ៕