ព្រះវិហារ៖ ពលរដ្ឋមានគ្នាប៉ុន្មានជា៨២គ្រួសារ និងមានមនុស្សជាង២០០នាក់កំពុង សង់រោង និងបោះតង់រស់នៅ ដោយខុសច្បាប់នៅលើដីរបស់រដ្ឋ ដើម្បីមកធ្វើនេសាទនៅអាងទំនប់រក្សាក្នុងឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ពាក់ព័ន្ធនឹងករណីនេះផងដែរ អាជ្ញាធរមូលដ្ឋានស្រុករៀង បានបញ្ជាក់ថា ពលរដ្ឋដែលមក សង់រោង និងបោះតង់ត្រូវបានអាជ្ញាធរមូលដ្ឋានចុះស្ថិតិរួចរាល់ហើយ ។
ហើយអាជ្ញាធរថា ករណីនេះអាជ្ញាធរមិនព្រងើយកន្តើយនោះទេ ប្រសិនបើពលរដ្ឋនៅតែរឹងទទឹង នោះអាជ្ញាធរនឹងចាត់ការទៅតាមផ្លូវច្បាប់។
លោក ណុប វុធ្ធី អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះវិហារ បានថ្លែងឲ្យដឹងនៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤នេះថា អាជ្ញាធរមូលដ្ឋានបានប្រាប់ឲ្យពួកគាត់រុះរើចេញ ហើយប្រសិនបើពួកគាត់ពិតជាមានបំណងចង់នៅរកត្រី តទៅទៀត គឺត្រូវតែទៅសុំ ឬរកជួលផ្ទះប្រជាពលរដ្ឋនៅក្បែរនោះស្នាក់នៅ មិនត្រូវរស់នៅលើដីរដ្ឋនោះទេ។ លោក ណុប វុធ្ធី បន្តថា ក្នុងករណីមានប្រជាពលរដ្ឋនៅរឹងទទឹងមិនព្រមរុះរើចេញ នោះអាជ្ញាធរខេត្តព្រះវិហារ នឹងចុះអនុវត្តវិធានការច្បាប់ ដោយមិនអនុញ្ញាតឲ្យរស់នៅតាមបែបអាណាធិបតេយ្យនោះឡើយ។
គួរម្លឹកថា កន្លងទៅមានពលរដ្ឋមកពីតាមបណ្ដាខេត្តមួយចំនួនតែងតែមកធ្វើសកម្មភាពកាប់រានព្រៃធ្វើខ្ទមរស់នៅ និងចាប់ដីរបស់រដ្ឋនៅក្នុងខេត្តព្រះវិហារ។ ប៉ុន្តែត្រូវបានអាជ្ញាធរមានវិធានការទៅតាមផ្លូវច្បាប់រួចរាល់។
សូមបញ្ជាក់ថា ទំនប់អាងស្តុកទឹក “រក្សា” ស្ថិតនៅលើដងស្ទឹងសែន ក្នុងព្រំប្រទល់ឃុំពុទ្រា និងឃុំរក្សា ស្រុកជ័យសែន និងស្រុករវៀង ខេត្តព្រះវិហារ។ ទំនប់អាងស្តុកទឹក “រក្សា” នេះ មានប្រវែងសរុប ២.៩៥៦ម៉ែត្រសំរាប់ស្តុបទឹកស្រោចស្រប់ទៅលើដំណាំកសិកម្មនិងជាជំរកត្រីពងផងដែរ៕
ប្រជាពលរដ្ឋស្នាក់នៅបណ្តោះអន្នមកពីខេត្តទាំង៩ផ្សេងៗគ្នានៅលើអាងទំនប់រក្សានេះមាន÷
១/ មកពីខេត្តកំពង់ចាម១២គ្រួសារ មនុស្ស៧០នាក់ ប្រុស៤០នាក់២/ ឧដត្តមានជ័យ១៩គ្រួសារមនុស្ស៤០នាក់ប្រុស២៥នាក់ ៣/សៀមរាប១០គ្រួសារមនុស្ស៣០នាក់ប្រុស២០នាក់ ៤/កំពង់ធំ៨គ្រួសារមនុស្ស២៥នាក់ប្រុស១៥នាក់ ៥/បន្ទាយមានជ័យ១គ្រួសារមនុស្ស៣នាក់ប្រុស២នាក់ ៦/ត្បូងឃ្មុំ៨គ្រួសារមនុស្ស៤៩នាក់ប្រុស៣៩នាក់ ៧/ព្រៃវែង២គ្រួសារមនុស្ស១០នាក់ប្រុស៦នាក់ ៨/បាត់ដំបង១គ្រួសារមនុស្ស៨នាក់ប្រុស៥នាក់ ៩/អន្លង់វែង២គ្រួសារមនុស្ស១០នាក់ប្រុស៦នាក់ សរុបគ្រួសារស្មើ៦៨គ្រួសារ មនុស្សរួម២៤៥នាក់ ប្រុស១៥៨នាក់៕