ព្រះវិហារ៖ នាព្រឹក ថ្ងៃទី០៣ខែ មិថុនា ឆ្នាំ២០២៤ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានរៀបចំ “ពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន ក្រមសីលធម៌វិជ្ជាជីវៈនគរបាល និងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆមាសទី១ និងលើកទិសដៅការងារបន្ត” ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ។
ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកអនុផែន លោក-លោកស្រី នាយ-នាយរងការិយាល័យ លោកអធិការ លោក-លោកស្រីអធិការរងនគរបាល ក្រុង/ស្រុកទាំង០៨ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៥១ឃុំ/សង្កាត់ ផងដែរ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានធ្វើការបូកសរុបកិច្ចប្រជុំ ផ្តល់អនុសាសន៍ដឹកនាំ និងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដល់កងកម្លាំងនគរបាលទូទាំងខេត្តព្រះវិហារ ធ្វើយ៉ាងណាត្រូវបង្ក្រាបល្បែងស៊ីសងខុសច្បាប់ បញ្ហាគ្រឿងញៀន បទល្មើសផ្សេងៗ ជាពិសេសបោសសម្អាតក្រុមក្មេងទំនើង និងសិស្សគេចសាលា ឱ្យខានតែបាន ឱ្យអស់ពីក្នុងមូលដ្ឋាន ព្រមទាំងខិតខំប្រឹងប្រែងបម្រើសេវាសាធារណ: ជូនប្រជាពលរដ្ឋប្រកបដោយ វិជ្ជាជីវៈ ក្រមសីលធម៌ និងឆ្លើយតបរាល់សំណូមពរ តម្រូវការដែលពួកគាត់ចង់បាន។
លើសពីនេះទៅទៀត លោកឧត្តមសេនីយ៍ទោស្នងការ ជម្រុញដល់អធិការ៨ក្រុង ស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៥១ឃុំ/សង្កាត់ ត្រូវអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព ទាំង៩ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះអោយខានតែបានសម្រាប់សុខសុវត្តិភាពជូនប្រជាពលរដ្ឋរបស់យើងផងដែរ៕