កំពង់ធំ៖ ឯកឧត្តមឈន សាណាត ឧត្តមអគ្គានុរក្សថ្នាក់លេខ១.អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ និងឯកឧត្តម ញ៉ឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ធ្វើជាអធិបតីក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ កែ ប៊ុនហួរ ជាប្រធានពន្ធនាគារថ្មីនៅកំពង់ធំជំនួសលោក តាម វៃ ត្រូវបានផ្ទេរចេញទៅជាប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ។
ឯកឧត្តម ញ៉ឹក បានខេង ថ្លែងថា ការរៀបចំពិធីប្រកាសនៅពេលនេះ គឺក្នុងគោលបំណង បង្ហាញពីសុច្ឆន្ទៈ និងការតាំងចិត្តមោះមុតក្នុងការកែទម្រង់ផ្ទៃក្នុង ព្រមទាំងឆ្លុះបញ្ចាំងឱ្យឃើញពីការរៀបចំរចនាសម្ព័ន្ធដឹកនាំរបស់រដ្ឋបាលខេត្តកំពង់ធំ ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ សំដៅធ្វើយ៉ាងណា លើកកម្ពស់ប្រសិទ្ធភាពការងារតាមឋានានុក្រម ការទទួលខុសត្រូវ ចំពោះតួនាទី និងភារកិច្ច របស់មន្ត្រីរាជការក្នុងខេត្តកំពង់ធំ ដើម្បីចូលរួមចំណែក ក្នុងការធ្វើឲ្យប្រសើរឡើង អភិវឌ្ឍរីកចម្រើន និងធានាដល់ការផ្គត់ផ្គង់ ផ្តល់សេវាកម្មសាធារណៈ និងតម្រូវការជាមូលដ្ឋានរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ។
ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានប្រគល់ត្រាជូនដល់លោកប្រធានពន្ធនាគារខេត្តកំពង់ធំ ទើបឡើងទទួលតំណែង និងបានណែនាំក្រើនរំលឹកទាញចំណាប់អារម្មណ៍ដល់ប្រធានពន្ធនាគារថ្មី ៖
ទី១* ត្រូវបន្តដឹកនាំ រក្សាឲ្យបាននូវស្ថានភាពជាវិជ្ជមាន នៃការគ្រប់គ្រងអង្គភាព (ឬរក្សាស្ថានភាព ដែលមានពីមុន) ដែលអតីតៈប្រធានពន្ធនាគារមុនបានអនុវត្ត។ រក្សាឲ្យបានប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងល្អ តាមភារកិច្ចដែលបានបែងចែក និងការទទួលខុសត្រូវ ដើម្បីធានាដល់និរន្តរភាព ប្រសិទ្ធភាពការងារ។
ទី២* ត្រូវពង្រឹង និងធ្វើឲ្យមានភាពសុខដុមបនីយកម្មនៅកន្លែងការងារ រក្សាសាមគ្គីភាពផ្ទៃក្នុង ដោយកម្កល់ប្រយោជន៍របស់អង្គភាពជាធំ លើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវ ភាពម្ចាស់ការលើភារកិច្ចរបស់ខ្លួន។
ទី៣* ពង្រឹងលើកកម្ពស់អនុវត្តច្បាប់ បន្តយកចិត្តទុកដាក់បង្កើនការយល់ដឹងអំពីច្បាប់ និងលិខិត បទដ្ឋានគតិយុត្ត ដែលជាមូលដ្ឋានអនុវត្ត ធានាឲ្យការងារដឹកនាំជំនាញប្រកបដោយភាពត្រឹមត្រូវ។
ទី៤* ពង្រឹងកិច្ចការពារធានាសន្តិសុខ សុវត្ថិភាព បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យ ឆែកឆេរ រកវត្ថុសម្ភារៈហាមឃាត់ចូលក្នុងពន្ធនាគារ ពិសេស សម្ភារៈបង្កហានីភ័យ គ្រឿងញៀន និងទូរស័ព្ទដៃ ដែលជាមធ្យោបាយទំនាក់ទំនងសកម្មភាពល្មើស ទាំងនៅក្នុង និងទៅខាងក្រៅពន្ធនាគារ។
ទី៥* ត្រូវអនុវត្តការងារដឹកនាំ គ្រប់គ្រងឱ្យបានម៉ឺងម៉ាត់ ហ្មត់ចត់តាមតួនាទី ភារកិច្ច និងតាមការ បែងចែកការទទួលខុសត្រូវ។ អនុវត្តការងារដោយមានរបបប្រជុំ របបរាយការណ៍ទៀងទាត់ ត្រួតពិនិត្យ តាមដាន វាយតម្លៃ និងតម្រង់ទិសជាប្រចាំ ដើម្បីធានាឱ្យការងារមានប្រសិទ្ធភាពខ្ពស់ ព្រមជាមួយ គោលនយោបាយលើកទឹកចិត្ត ជូនរង្វាន់ ដោយឈរលើសច្ចៈភាព និងតម្លាភាព។
ទី៦* យកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យ ទាំងក្នុងអគារ ឬបន្ទប់ឃុំឃាំង និងនៅក្នុង បរិវេណពន្ធនាគារ ត្រូវធានាឲ្យមាននូវរបៀបរៀបរយ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ។
ទី៧* ត្រូវស្វ័យសិក្សារៀនសូត្របង្កើនចំណេះដឹង ធ្វើការផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលនយោបាយរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងគោលការណ៍ ឬសេចក្តីណែនាំរបស់អគ្គនាយកដ្ឋាន ដល់មន្ត្រីក្រោមឱវាទ និងចាត់ចែងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់។
ចំពោះពន្ធនាគារខេត្តកំពង់ធំ បច្ចុប្បន្នស្ថានភាពជនជាប់ឃុំសរុបមាន ៧៦២នាក់ មន្ត្រីពន្ធនាគារ ចំនួន ៦១នាក់ ស្រី ចំនួន ១១នាក់។
ដើម្បីជាកិច្ចតបស្នងចំពោះសមានចិត្តរបស់ថ្នាក់ដឹកនាំ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ កែ ប៊ុនហួរ ទើបទទួលបានមុខតំណែងថ្មី បានធ្វើការប្តេជ្ញាដូចខាងក្រោម៖
១- ប្តេជ្ញាគោរព និងប្រតិបត្តិតាមច្បាប់លិខិតបទដ្ឋានគតិយុត្តនានា ពិសេសគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។
២- ប្តេជ្ញាគោរពនិងប្រតិបត្តិតាមបទដ្ឋានគិតយុត្តនានា របស់ក្រសួងមហាផ្ទៃ ផែនការ យុទ្ធសាស្ត្ររបស់អគ្គនាយកដ្ឋានពន្ធនាគារ គោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ និងថ្នាក់ដឹកនាំខេត្ត
៣- ប្តេជ្ញាខិតខំដឹកនាំគ្រប់គ្រងអង្គភាពឱ្យដំណើរការរក្សាបានសន្តិសុខសុវត្ថិភាព។
៤- ប្តេជ្ញាគោរពអនុវត្តឱ្យបានត្រឹមត្រូវតាមបទវិន័យ និងក្រមសីលធម៌មន្ត្រីពន្ធនាគារ។
សំបូរ.កំពង់ធំ.២៩.០៥.២៤