រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធទិវាជាតិនៃការចងចាំ២០ឧសភា ឆ្នាំ២០២៤

ព្រះវិហារ៖នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះវិហារ ប្រារព្ធទិវាជាតិនៃការចងចាំ២០ឧសភា ឆ្នាំ២០២៤ ក្រោមវត្តមាន  លោក អ៊ុង វុឌ្ឍី អភិបាលរងខេត្តព្រះវិហារ លោក ខូយ ឃុនហ៊ សមាជិកក្រុមប្រឹក្សាខេត្ត ស្ដីទី ដោយមានការចូលរួមពីក្រុមប្រឹក្សា គណៈអភិបាលខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ មន្ត្រីរាជការ សិស្សានុសិស្ស ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក អ៊ុង វឌ្ឍី ក្នុងឱកាសដែលលោកអញ្ជើញជាតំណាងលោក គីម រិទ្ធី អភិបាលខេត្ត អញ្ជើញចូលរួមក្នុងទិវា នៃការចងចាំ ២០ ឧសភា នៅមណ្ឌលឧក្រិដ្ឋកម្មតំបន់១០៣ នៃរបបប្រល័យពូជសាសន៍ប៉ុលពត នៅស្រុករវៀងបានប្រាប់ប្រជាពលរដ្ឋ ពិសេសយុវជនជំនាន់ក្រោយថា តាមរយៈទិដ្ឋភាពដែលក្រុមសិល្បៈបានសំដែង និងតាមរយៈនូវការអានវិយោគកថា បានបង្ហាញឱ្យឃើញ ពីសោកនាដកម្ម ភាពឈឺចាប់ ការស្រេកឃ្លាន ការកាប់សម្លាប់ ភាពអមនុស្សធម៌ អំពើព្រៃផ្សៃផ្សេងៗរបស់ពួកខ្មែរក្រហម គឺពិតជារឿងរ៉ាវដែលបានកើតឡើងជាក់ស្តែង នៅក្នុងសង្គមកម្ពុជាយើងពិតប្រាកដមែន។

លោក អ៊ុង វុឌ្ឍី បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ដែលលោកតែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខ របស់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន គ្រប់កាលៈទេសៈ និងជាថ្នាក់ដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃ ប៉ិនប្រសព្វក្នុងការដឹកនាំប្រទេសជាតិ បន្តថែរក្សានូវសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានដាក់ចេញនូវយុទ្ធសាស្ត្រជាអាទិភាពនានា សំដៅប្រែក្លាយកម្ពុជា ជាប្រទេសចំណូលធម្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកអភិបាលរងខេត្តព្រះវិហារបានថ្លែងទៀតថា «យើងជួបជុំគ្នាប្រារព្វទិវាជាតិ នៃការចងចាំនៅថ្ងៃនេះ ស្ថិតក្រោមបរិយាកាសសោមនស្សរីករាយ ប្រកបដោយស្នាមញញឹម ក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចធិបតី ដែលបានបន្តមរតកនយោបាយពីសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានលះបង់ពលីគ្រប់បែបយ៉ាង តស៊ូរំដោះជាតិ សង្គ្រោះអាយុជីវិតប្រជាជន ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ដ៏យង់ឃ្នងខ្មៅងងឹត និងស្វែងរកសុខសន្តិភាពជូនជាតិ មាតុភូមិ តាមរយៈការអនុវត្តនយោបាយឈ្នះឈ្នះ»។

លោក អ៊ុង វឌ្ឍី ក៏បានថ្លែងអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្អូនៗ គ្មួយៗ ដែលជាយុវជនជំនាន់ក្រោយ ត្រូវចងចាំទុកនិងចូលរួមទប់ស្កាត់កុំឱ្យមានអំពើព្រៃផ្សៃនេះ កើតមានឡើងក្នុងសង្គមកម្ពុជាយើង ជាថ្មីម្តងទៀត។ពិសេសក្នុងនាមជាយុវជន ដែលជាសសរទ្រូងរបស់ប្រទេសជាតិ ត្រូវរួបរួមសាមគ្គីគ្នាជាកម្លាំងចលករមួយ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនតរៀងទៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *