ព្រះវិហារ៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងលោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤កន្លងទៅ បានដឹកនាំប្រតិភូចុះពិនិត្យវាយតម្លៃ និងប្រគល់ទទួល-១០០% លើការងារសាងសង់ អគាររដ្ឋបាលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ថ្មី ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ។
លោក ឈឹម សៅគី បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ក្នុងនាមលោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឈឹម សៅគី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ ដែលបានខិតខំបំពេញ ភារកិច្ចការងាររបស់ខ្លួន រហូតទទួលបានលទ្ធផលគួរជាទីមោទន លោករដ្ឋលេខាធិការ ក៏បានថ្លែងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំងអស់ ត្រូវពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន បន្តខិតខំកសាងសមត្ថភាព ឲ្យកាន់តែមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល
សូមបញ្ជាក់ថា អគាររដ្ឋបាលថ្មី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ចាប់ផ្តើមសាងសង់ជាផ្លូវការនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ និងសាងសង់រួចរាល់ជាស្ថាពរ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ អគារនេះ កម្ពស់២ជាន់ ទំហំ២០ម៉ែត្រ គុណនឹង១០ម៉ែត្រ មានចំនួន១០បន្ទប់ និងសាលប្រជុំចំនួន០១ ដោយប្រើប្រាស់ថវិកាជាតិ (ជំពូក២១) តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ៕