ព្រះវិហារ៖ នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤នេះ នៅកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានរៀបចំពិធីចងសម្ព័ន្ធមេត្រីភាព រវាងសភាពាណិជ្ជកម្មកម្ពុជា ជាមួយកងពលតូចអន្តរាគមន៍លេខ៨ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ ចារកិច្ចក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។
ពិធីនេះក៏មានកិច្ចស្វាគមយ៉ាងកក់ក្ដៅ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ រួមព្រមទាំង ឯកឧត្តម លោកជំទាវ លោកឧកញ៉ា គណៈប្រតិភូអមដំណើរ លោក លោកស្រី ជាអភិបាលរងខេត្ត អភិបាល ស្រុក នាយទាហាន ពលទាហាន ជាច្រើនរូប។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក បានថ្លែងថា ការងារចងសម្ព័ន្ធមេត្រីភាពនេះ បានបង្ហាញពីសិល្បៈ នៃវប្បធម៌ចែករំលែកពីគ្រប់មជ្ឈដ្ឋាន ជាពិសេសអង្គភាពស្ថាប័នស៊ីវិល និងក្រុមហ៊ុនឯកជន នៅសមរភូមិក្រោយ ដើម្បីគាំទ្រលើកទឹកចិត្តទាំងសម្ភារ និងកម្លាំងកាយចិត្ត ដល់កងទ័ពជួរមុខ ដែលបានលះបង់ពលី និងបូជាសព្វសារពើ ការពារបូរណភាពដែនដី ជាតិមាតុភូមិរបស់យើងការគាំទ្រដល់កងទ័ពជួរមុខពីសំណាក់អ្នកខាងក្រោយ គឺមិនអាចកាត់ផ្តាច់ពីគ្នាបានទេ នេះហើយជាការពង្រឹងស្មារតីសាមគ្គីភាព ជាពិសេសស្នេហាជាតិ ចូលរួមជាមួយរាជរដ្ឋាភិបាល កសាងពង្រឹងលើខឿនការពារជាតិ និងការអភិវឌ្ឍកងយោធពលខេមរភូមិន្ទ។
ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា មានប្រសាសន៍ថា អាស្រ័យដោយស្ថានភាពជាក់ស្តែង អង្គភាពទាំងពីរ អាចពិនិត្យលទ្ធភាពក្នុងការដោះដូរប្រតិភូគ្នាទៅវិញទៅមកក្នុងរយៈពេល ៦ខែម្តង ដែលប្រតិភូនេះ ត្រូវជ្រើសរើសយកជនឆ្នើម ឬថ្នាក់ដឹកនាំនៃអង្គភាព។ ក្រៅពីនេះ ជួយឧបត្ថម្ភគ្នាទៅវិញទៅមក ជាមធ្យោបាយ ឬជាសម្ភារ តាមលទ្ធភាពជាក់ស្តែង ដែលអាចធ្វើទៅបាន ដើម្បីជួយសម្រាលការលំបាករបស់ដៃគូសម្ព័ន្ធមេត្រីភាពដោយឈរលើស្មារតីជួយគ្នាក្នុងគ្រាលំបាក។
ក្នុងឱកាសនោះផងដែរអ្នកឧកញ៉ា គិត ម៉េង នាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ប្រគល់ រថយន្តសារ៉ែន ជូនដល់រដ្ឋបាលខេត្តព្រះវិហារចំនួន ៣គ្រឿងផងដែរ៕