កិច្ចប្រជុំពិភាក្សាជំរុញការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

ព្រះវិហារ៖ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំ ពិភាក្សាជម្រុញាការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពី សំណាក់  ឯកឧត្តម លោកជំទាវ ជាគណៈប្រតិភូអមដំណើរ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំង៣ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរង ក្រុង/ស្រុក ទាំង៨ និងមន្ត្រី ពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តជាច្រើនរូប។

ក្រោយពីបានស្ដាប់របាយការណ៏ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តរួចមក  ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថាគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការងារចុះបញ្ជី ដីធី្លជាបញ្ហាសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ដូច្នេះសូម ជំរុញដល់ ក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចនេះឲ្យបានល្អ ត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

ទន្ទឹមនោះដែរ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់បន្តបំពេញភារកិច្ចរៀងៗខ្លួន ដោយជ្រោងទង់សាមគ្គីឯកភាពគ្នាផ្ទៃក្នុងឲ្យកាន់តែរឹងមាំ និងរក្សាអោយបាននៅមរតកដ៏មានតម្លៃ នានាដែលថ្នាក់ដឹកនាំជំនាន់មុនបន្សល់ទុកឲ្យ ដើម្បីចូលរួមគាំទ្រសម្រេចឲ្យបាននូវបេសកកម្មដ៏ឧត្តុង្គ ឧត្តមរបស់រាជរដ្ឋាភិបាល ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ ចេញ និងស្នើអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយព្រមទាំងណែនាំ ដល់ប្រជាពលរដ្ឋត្រៀម លក្ខណៈចំពោះឯកសារពាក់ព័ន្ធក្នុងការចុះបញ្ជីដីធ្លី ជៀសវាងក្នុងកិច្ចដំណើរការទៅមានភាពយឺតយ៉ាវ ជាដើម។

ឯកឧត្តមបានបន្ថែមថា ដើម្បីជំរុញការចុះបញ្ជីដីតាមគោលនយោបាយ «ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្តនិងបរិយាកាសគ្មានវិវាទ» រដ្ឋបាលខេត្តដោយមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជាសេនាធិការដោយខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងសាមគ្គី ឯកភាពផ្ទៃក្នុងទើបធ្វើឲ្យស្ថាប័នមានការរីកចម្រើន ព្រមទាំងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋរបស់យើង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *