ប្រធានអង្គភាពប្រឆាំងអំពើពុករលួយថ្លែងថា៖ អង្គភាពកងពលធំលេខ៣ គឺជាសសរស្តុកដ៏រឹងមាំក្នុងវិស័យការពារជាតិ ប្រកបដោយគុណធម៌ ជាអង្គភាពគំរូ ក្នុងម្លប់សន្តិភាព..!

ព្រះវិហារ៖ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង បានថ្លែងថា អង្គភាពកងពលធំអន្តរាគមន៍លេខ៣ គឺជាសស្តុកដ៏រឹងមាំ នៅក្នុងវិស័យការពារជាតិ ប្រកបដោយគុណធម៌ ដែលជាអង្គភាពគំរូ ក្នុងម្លប់សន្តិភាព ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អនុប្រធានលេខាធិការដ្ឋាន គណ:កម្មាធិការជាតិប្រឆាំងភេរវកម្ម បានថ្លែងថា សកម្មភាពដ៍រស់រវើកនិងស្មោះត្រង់ របស់កងពលធំអន្តរាគមន៍លេខ៣ ព្រមទាំងនាយទាហាន ពលទាហាន បានរួមចំណែកអភិវឌ្ឍន៍កម្ពុជានាពេលកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មោះមុត មានវិន័យ សេចក្តីថ្លៃថ្នូរ ហើយនូវគ្រប់កាលៈទេសៈតែងតែទ្រទ្រង់ការពារបានយ៉ាងរឹងមាំ នូវបូរណភាពទឹកដី និងចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម សាកសមជាទីពឹងរបស់ប្រជាជន និងសង្គមជាតិទាំងមូល ។

ការថ្លែងលើកឡើងបែបនេះរបស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសដឹកនាំគណៈប្រតិភូជិត៤០០នាក់ ចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយយោធិន នៅទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ទិសទី១ នៃប្រាសាទព្រះវិហារ យោធភូមិភាគទី៤ ស្ថិតក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង បានបញ្ជាក់ថា កម្លាំងកងពលធំអន្តរាគមន៍លេខ៣ បានដើរតួនាទីយ៉ាងសំខាន់ជាកម្លាំងស្នូលមួយក្នុងការការពារបូរណភាពទឹកដី នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ និងជាកម្លាំងរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្គមដ៏ល្អ ដែលមិនអាចខ្វះបាន ។

ជាមួយគ្នានោះដែរ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានរាយការណ៍ ជូនគណៈប្រតិភូ អំពីស្ថានភាពទូទៅ នៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា- ថៃ -ឡាវ បច្ចុប្បន្ន មានស្ថានភាពស្ងប់ស្ងាត់ ជាធម្មតា ពុំមានអ្វី ប្រែប្រួលគួរឲ្យកត់សម្គាល់ ចំណែកនាយទាហាន និងពលទាហាន គឺមានការទំនាក់ទំនង គ្នាទៅវិញទៅមកជាធម្មតា ជាមួយប្រទេសជិតខាងទៀតផង។

ឯកឧត្តម បានបន្តទៀតថា អង្គភាពប្រឆាំងអំពើពុករលួយ ជាអង្គភាពសម្ព័ន្ធមេត្រីភាពមួយ ដែលជានិច្ចកាល តែងបានយកចិត្តទុកដាក់រួមសុខ រួមទុក្ខ និងបានគិតគូរពីសុខទុក្ខលំបាក គ្រប់បែបយ៉ាងដល់នាយទាហាន ពលទាហាន ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនជួរមុខ ជាប់ជាប្រចាំ ព្រមទាំងបានចូលរួមចំណែក ជួយឧបត្ថម្ភគាំទ្រ យ៉ាងច្រើនទាំងស្មារតី សម្ភារបរិក្ខា គ្រឿងឧបភោគបរិភោគ ក៏ដូចជាថវិកាសម្រាប់កសាងអង្គភាព និងថវិកាសម្រាប់ចែកជូនដល់ដៃកងទ័ព ជាដើម ចាប់តាំងពីពេលចងសម្ព័ន្ធមេត្រីភាព កាលពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន និងបានបន្សល់ទុកនៅសមិទ្ធផលធំៗជាច្រើន សម្រាប់ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ។

សូមជម្រាបផងដែរថា÷នៅក្នុងពិធីចុះសួរសុខទុក្ខនិងសំណេះសំណាល ជាមួយយោធិន នាឱកាសនោះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាអនុប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ព្រមទាំងប្រតិភូ បាននាំយកសម្ភារ:គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន មកចែកជូន ដល់នាយហាន និងពលទាហាន ដើម្បីជាចំណងដៃ និងទទួលអបអរសាទរក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលមុខនេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *