ព្រះវិហារ៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញចូលរួមក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ធម្មជាតិ ៣មីនា លើកទី២៦ ឆ្នាំ២០២៤» ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» និងមានការចូលរួមពីឯកឧត្ដម ខូយ ឃុនហរ សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត ស្ថិតនៅបរិវេណប្រាសាទព្រះខ័ន ក្នុងឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
នៅក្នុងឱកាសនោះ ឯកឧត្ដម គីម រិទ្ធី បានថ្លែងថា ការរៀបចំទិវាវប្បធម៌ជាតិនាឱកាសនេះ ក្នុងគោលបំណងដើម្បីបំផុសស្មារតីស្រឡាញ់លើកស្ទួយ និងចូលរួមអភិរក្សថែរក្សា មរតក វប្បធម៌ជាតិ ដល់មហាជន ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដោយជំរុញឱ្យមាន៖
*ស្មារតីដឹងគុណចំពោះបុព្វការីជន ដែលបានខំប្រឹងប្រែងកសាងសម្បត្តិវប្បធម៌ជាតិដ៏សម្បូរបែប និងអច្ឆរិយៈ ដែលជាប្រភពមិនចេះរីងស្ងួតក្នុងការបង្កើតការងារ និងបង្កើតកាលានុវត្តភាព សម្រាប់ទាញយកប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាព។
*ផ្សព្វផ្សាយវប្បធម៌ដ៏រុងរឿង ភាពសុខសាន្តរបស់ប្រជាជននិងប្រជាជាតិ ព្រមទាំងបំផុសគំនិតស្រឡាញ់ និងស្មារតីចូលរួមកាន់តែសកម្ម ក្នុងការថែរក្សាការពារមរតកវប្បធម៌ជាតិ ទាំងរូបីនិងអរូបី។*ជំរុញបង្កើតឱ្យមានសេវាកម្ម ផលិតផលវប្បធម៌ ជាចលករក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈវិស័យទេសចរណ៍ និងពាណិជ្ជកម្មលក្ខណៈវប្បធម៌ប្រពៃណី។
លោក គីម រិទ្ធី បានថ្លែងទៀតថា ការជួបជុំនាថ្ងៃនេះគឺស្ថិតក្រោមម្លប់សន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសព្វរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបន្តមរតកនយោបាយ ពីសម្តេចតេជោ ហ៊ុន សែន ដែលជាបិតាសន្តិភាព ស្វែងរកការបង្រួបបង្រួមជាតិ តាមរយៈការអនុវត្តគោលនយោបាយឈ្នះឈ្នះ បាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ជាពិសេសគីការយកចិត្តទុកដាក់គិតគូរអំពីការអភិវក្ស និងការអភិវឌ្ឍន៍សម្បត្តិវប្បធម៌ ប្រពៃណី ដែលជាមរតកដ៏ឧត្តុង្គឧត្តមរបស់បុព្វបុរសខ្មែរបន្សល់ទុកឱ្យអ្នកជំនាន់ក្រោយ៕