ពលរដ្ឋជាង៣០០គ្រួសារ នៅឃុំរំដោះ ស្រុករវៀង ទទួលបានផ្លូវថ្មីសម្រាប់ដឹកជញ្ជូនផលិតផលកសិកម្ម ទៅកាន់ទីផ្សារ

ព្រះវិហារ៖ ផ្លូវមួយខ្សែប្រវែង១,២០០ម៉ែត្រ និងស្ពាន១ ស្ថិតនៅភូមិស្វាយប៉ាត ទៅតំបន់ត្រពាំងជ្រៃ ក្នុងឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ត្រូវបានកសាងឡើងរួចរាល់ជាស្ថាពរ សម្រាប់បម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនផលិតផលកសិកម្មមកកាន់ទីផ្សារ មានភាពងាយស្រួលនិងរហ័សទាន់ចិត្ត។

ក្នុងឱកាសចុះពិនិត្យផ្លូវនាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤នេះ លោក អ៊ុក គឹមសាន ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុករវៀង បានថ្លែងថា ផ្លូវដែលក្រុមការងារកសាងទុកជាចំណងដៃជូនប្រជាពលរដ្ឋជាង៣០០គ្រួសារ ដែលទីតាំងនេះពីមុនមិនមិនមែនជាផ្លូវទេ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ទៅតាមផ្លូវផ្សេង ហើយផ្លូវផ្សេងនោះគេសិក្សាស្រាវជ្រាវលើវិស័យកសិកម្ម ហើយផ្លូវនោះត្រូវបានគេបិទមិនឱ្យឆ្លងកាត់។

បន្តាប់ពីផ្លូវនោះត្រូវបានបិទមិនឲ្យឆ្លងកាត់ ប្រជាពលរដ្ឋពិបាកធ្វើដំណើរ និងដឹកជញ្ជូនផលិតផលកសិកម្មមកកាន់ទីផ្សារ ពួកគាត់ក៏បានសំណូមពរតាមរយៈអាជ្ញាធរភូមិ ឃុំ បន្ទាប់ពីទទួលបានសំណូមពរពីប្រជាពលរដ្ឋ លោកក៏បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែង ឃើញថាមិនមានផ្លូវធ្វើដំណើរទេ ពិសេសគឺការដឹកជញ្ជូនកសិផលមានការពិបាកណាស់។

លោក អ៊ុក គឹមសាន ថ្លែងបញ្ជាក់បន្តទៀតថា ក្រោយពីចុះពិនិត្យជាក់ស្តែងរួច លោកក៏បានកៀរគរក្រុមការងារ ដោយបានថវិកាខ្លះទិញដីប្រជាពលរដ្ឋដើម្បីបើកធ្វើផ្លូវ ហើយប្រជាពលរដ្ឋខ្លះទៀតគាត់ក៏បានបរិច្ចាកដីសម្រាប់ធ្វើផ្លូវ ហើយក្រុមការងារក៏បានដឹកគ្រឿងចក្រមកធ្វើផ្លូវតែម្តងរហូតរួចរាល់ជាស្ថាពរ។ លោកថាផ្លូវនេះ ទោះមិនបានដូចផ្លូវជាតិក៏ពិតមែន តែជាផ្លូវលំនៅក្នុងភូមិ ដែលអាចដឹកផលិតផលកសិកម្មបានទាំងខែប្រាំង និងខែវស្សារាប់ពាន់តោនក្នុង១ឆ្នាំៗ។

លោក ហោ ប៊ុនហួរ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុករវៀង បានថ្លែងអំណរគុណលោក អ៊ុក គឹមសាន ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុករវៀង ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងស្រុករវៀងជាង៥មុឺនគ្រួសារ។

លោកថា លោក អ៊ុក គឹមសាន មិនត្រឹមតែគាំទ្រតែសកម្មភាពកសាងនោះទេ សូម្បីតែជួបគ្រោះថ្នាក់ចរាចរណ៍ ប្រជាពលរដ្ឋមានទុក្ខព្រួយ ក៏លោកតែងយកចិត្តទុកដាក់ដែរ ហើយផ្លូវដែលយើងពិនិត្យនេះ គឺជាផ្លូវទី២ហើយ ដែលលោក អ៊ុក គឹមសាន បានធ្វើបន្ទាប់ពីផ្លូវលើកទី១ជាង៤គីឡូម៉ែត្រ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *