រៀងរាល់ឆ្នាំកសិផលសរីរាង្គក្នុងរង្វង់១ម៉ឺនតោន ត្រូវបានគាំទ្រឱ្យមានទីផ្សារ និងធានាគុណភាពសរីរាង្គអឺរ៉ុប និងអាមេរិក

ព្រះវិហារ៖ ក្នុងសន្និបាតប្រចាំឆ្នាំ ដើម្បីបង្ហាញពីសមិទ្ធផល ដែលសម្រេចបានក្នុងឆ្នាំ២០២៣ និងលើកទិសដៅផែនការសកម្មភាពសម្រាប់ ឆ្នាំ២០២៤ សហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ បានលើកឡើងថា ជាលទ្ធផល រៀងរាល់ឆ្នាំកសិផលសរីរាង្គ ក្នុងរង្វង់ ១ម៉ឺនតោន ត្រូវបានគាំទ្រឱ្យមាន ទីផ្សារសមរម្យ តាមរយៈការផលិត និងធានាគុណភាពសរីរាង្គអឺរ៉ុប និងអាមេរិក។

នាថ្ងៃទី២២ ខែមីនា ម្សិលមិញនេះ សហភាពសហគមន៍កសិកម្មព្រះវិហារ បានរៀបចំមហាសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបង្ហាញពីសមិទ្ធផលសម្រេច ក្នុងឆ្នាំ២០២៣ ពិសេសការប្រមូលធាតុចូលសំខាន់ៗដែលបានមកពីមហាសន្និបាត ដើម្បីយកមកកែលម្អរ និងរៀបចំផែនការសកម្មភាពការងារសម្រាប់អនុវត្តនៅឆ្នាំ២០២៤ បន្ថែមពីនេះ ក៏ជាការពង្រឹងទំនាក់ទំនង និងភាពជាដៃគូររវាងសហគមន៍កសិកម្ម និងស្ថាប័នពាក់ព័ន្ធ រួមមាន ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងអង្គការក្រៅរាជរដ្ឋាភិបាល។

លោក នួន ដេ ប្រធានសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ បានឱ្យដឹងថា សហភាពសហគមន៍ព្រះវិហារមានជ័យ ត្រូវបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការ នៅអគ្គនាយក-ដ្ឋានកសិកម្ម នៅក្នុងខែកក្កដា ឆ្នាំ២០១៦។ មកដល់បច្ចុប្បន្នសហភាព មានសហគមន៍កសិកម្ម ជាសមាជិកសរុបចំនួន ២៥សហគមន៍ ដែលមានសមាជិកជាអ្នកផលិតចំនួន ៥,៤០៣គ្រួសារ។

លោក បន្ដថា គំនិតផ្តួចផ្តើមដំបូង នៃការបង្កើតសហភាពនេះឡើង ក្នុងគោលបំណងជំរុញ និង​គាំទ្រការផលិតស្រូវសរីរាង្គ ជួយពង្រឹង ​និងពង្រីកទីផ្សារកសិផលរបស់ប្រជាកសិករ​ ព្រម ទាំងការ​ទទួល​បាននូវវិញ្ញាបនបត្រស្រូវសរីរាង្គ ​ស្របតាមស្តង់ដាររបស់សហភាពអឺរ៉ុប​ និងសហ-រដ្ឋអាមេរិក​ជារៀងរាល់ឆ្នាំ ដើម្បីលក់ឲ្យក្រុមហ៊ុនអ្នកនាំចេញក្នុងតម្លៃខ្ពស់សមរម្យ។

ក្នុងឱកាសនោះប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទខេត្ត ​លោក ពឹង ទ្រីដា បានថ្លែងអំណរ​គុណដល់ដៃគូរអភិវឌ្ឍន៍ ​និងអ្នកពាក់ព័ន្ធទាំងអស់ដែលបានធ្វើជាដៃគូ ​និងបាន​គាំទ្រដល់សហភាព និង​ថ្លែងកោតសរសើរ ​និងវាយតម្លៃខ្ពស់ ចំពោះសហភាពសហគមន៍ កសិកម្មព្រះវិហារមានជ័យ ដែល​សម្រេចបាននូវលទ្ធផលល្អ ធ្វើឱ្យសហគមន៍ទទួលបានការ រីកចម្រើន។

ជាមួយគ្នានេះលោកក៏បានផ្ដាំផ្ញើ ​ភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ ត្រូវបន្តពង្រឹងស្មារតី​សាមគ្គីភាព ​ឯកភាពផ្ទៃក្នុងរបស់ខ្លួនឱ្យបានល្អប្រសើរ​ ធ្វើយ៉ាងណាសម្រេច ឱ្យបាននូវផែនការ​អាជីវកម្មរបស់ខ្លួនឱ្យរឹងមាំ ​សម្ដៅធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍ​សហគមន៍​ កសិកម្ម បង្កើន​ប្រាក់ចំណូលកសិករ រួមចំណែកលើកកម្ពស់វិស័យកសិកម្ម ទ្រទ្រង់ខឿនសេដ្ឋ កិច្ចជាតិ ដែល​ជាទិសដៅរបស់រាជរដ្ឋាភិបាលកម្ពុជា ​ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *