ព្រះវិហារ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ ក្រោមកិច្ចសហប្រតិបត្តិការជាមួយដៃគូ គម្រោងវិវឌ្ឍនាការកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារសុវត្ថិភាពនៅកម្ពុជា នាល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានរៀបចំ “ពិព័រណ៍កសិអេកូឡូស៊ី ខេត្តព្រះវិហារ” ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងសាធារណៈ ជាពិសេសសម្រាប់អ្នកពាក់ព័ន្ធក្នុងចង្វាក់ផលិតកម្មកសិកម្មសរីរាង្គ អំពីអត្ថប្រយោជន៍នានា នៃប្រព័ន្ធដាំដុះតាមបែបកសិអេកូឡូស៊ី និងផលប៉ះពាល់អវិជ្ជមាននៃការអនុវត្តកសិកម្មតាមទម្លាប់ ដែលពឹងផ្អែកច្រើនលើធាតុចូលកសិកម្មគីមី។
ពិព័រកសិអេកូឡូស៊ីដ៏មានសារៈសំខាន់នេះ បានរៀបចំធ្វើឡើងនៅបរិវេណសួនវិមានឯករាជ្យ ស្ថិតក្នុងទីប្រជុំជនក្រុងព្រះវិហារ ដែលមានរៀបចំពិធីបើកពិព័រណ៍ ក្រោមអធិបតីភាព លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងលោក លោកស្រីតំណាងអង្គការដៃគូ ថ្នាក់ដឹកនាំមន្ទីរអង្គភាពមួយចំនួន និងអ្នកពាក់ព័ន្ធចម្រុះជាច្រើន រួមទាំងកសិករ អ្នកស្រាវជ្រាវ និងអ្នកទទួលទានជាដើម។
ស្ដង់ចំនួនជាង ៣០ ត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍នេះ ដែលរួមមាន ១.ពិព័រណ៍ផលិតផលសហគមន៍ មានបង្ហាញពីផលិតផលកសិកម្មចម្រុះ ផលិតផលអនុផលព្រៃឈើ និង សិប្បកម្មដោយផ្ទាល់ពីដៃរបស់កសិករក្នុងស្រុក, ២.កិច្ចពិភាក្សាតុមូល, ៣.ពិព័រណ៍នវានុវត្តន៍កសិកម្ម (ធាតុចូលកសិកម្ម និងគ្រឿងយន្ដកសិកម្ម), ៤.សកម្មភាពអន្តរកម្ម និងការអប់រំ និង៥.ការកំសាន្ដផ្សេងៗជាដើម៕