ព្រះវិហារ៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានថ្លែងដោយមោទនភាពចំពោះផ្លូវថ្នល់នៅក្នុងខេត្តព្រះវិហារ បើទោះបីខេត្តមួយនេះស្ថិតនៅតំបន់ដាច់ស្រយ៉ាលតាមព្រំដែនក៏ពិតមែន តែផ្លូវថ្នល់ស្រួលធ្វើដំណើរ ដោយមិនមានសំបុកមាន់ទេ តែលោកសូមអំពាវនាវបងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់រឿងករណីគ្រោះថ្នាក់ចរាចរណ៍។
ការថ្លែងរបស់លោក អ៊ុក គឹមសាន ក្នុងឱកាសដែលលោកអញ្ជើញជាតំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចូលរួមក្នុងពិធីអប់រំផ្សព្វផ្សាយ «សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដែលរៀបចំដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លុវគោក នៃក្រសួងសាធារណការ និងដឹកជញ្ជូន ដល់សិស្សានុសិស្ស និងកុមារ នៅវិទ្យាល័យហ្មសែត ក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ដោយមានការចូលរួម ពីលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ។
លោក អ៊ុក គឹមសាន បានថ្លែងប្រាប់ប្អូនៗសិស្សានុសិស្ស ពីការរីកចម្រើនគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ចាប់តាំងពីអាណត្តិទី១ដល់អាណត្តទី៦ និងអាណត្តិទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។លោកក៏ថ្លែងដោយមោទនភាពចំពោះ ខេត្តព្រះវិហាររបស់យើង ដែលជាខេត្តនៅតាមព្រំដែនមែន តែមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ បើនិយាយពីផ្លូវថ្នល់គឺស្រួល ធ្វើដំណើរណាស់ មិនមានសំបុកមាន់ទេ ប៉ុន្តែបងប្អូនយើងត្រូវមានការប្រុងប្រយ័ត្នរឿងករណីគ្រោះថ្នាក់ចរាចរណ៍ផង។
លោក អ៊ុក គឹមសាន បានបញ្ជាក់ទៀតថា ទាក់ទងនិងសុវត្ថិភាពចរាចរណ៍លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ កាលលោកទើបចូលកាន់តំណែងថ្មីៗ គឺលោកយកចិត្តទុកដាក់ណាស់ ដោយលោកបានទិញចំណាំងផ្លាតមកបំពាក់ លើគោយន្ត របស់ប្រជាពលរដ្ឋគ្រប់ក្រុងស្រុក។ ថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានយកចិត្តទុកដាក់រឿងសុវត្ថិភាពចរាចរណ៍ ដោយណែនាំដល់រថយន្តដែលដាក់សុីផ្លេកែឆ្នៃខុសលក្ខណៈបច្ចេកទេសត្រូវដោះចេញ ដោយឡែកខេត្តព្រះវិហាររបស់យើងប៉ុន្មានថ្ងៃនេះ ក្រោមបទបញ្ជារបស់លោក គីម រិទ្ធី អភិបាលខេត្តឃើញថារថយន្តជាច្រើនគ្រឿងដែលដាក់ស៊ីផ្លេកែច្នៃ បានធ្វើការដោះចេញដោយខ្លួនឯង។
ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, លោក អ៊ុក គឹមសាន បានថ្លែងណែនាំដល់ប្អូនៗសិស្សានុសិស្ស ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ពិសេសរាល់ពេលធ្វើដំណើរតាមដងផ្លូវ ត្រូវប្រុងប្រយ័ត្ន មើលឆ្វេង មើលស្តាំ មុននឹងឆ្លងកាត់ផ្លូវ។
ដោយឡែកលោក សំ លាងទ្រី បានថ្លែងថា ការរៀបចំកម្មវិធីអប់រំផ្សព្វផ្សាយ «សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដល់សិស្សានុសិស្ស និងកុមារនាពេលនេះ គឺដើម្បីចូលរួមបង្កើនស្មារតីយកចិត្តទុកដាក់ទប់ស្កាត់ឱ្យ បាននូវគ្រោះថ្នាក់ចរាចរណ៍ ដែលបង្ករឱ្យមានការបាត់បង់នូវអាយុជីវិតមនុស្ស ទ្រព្យសម្បត្តិ ជាពិសេសគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងទៅលើកុមារ ហើយក៏ជាការពញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លុវថ្នល់ ឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ អំពីសុវត្ថិភាពចរាចរណ៍តាមដងផ្លូវសាធារណៈ។
លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា សម្រាប់ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួន៣៣១៧ករណី អ្នកស្លាប់មានចំនួន១៥៩០នាក់ របួសធ្ងន់ចំនួន២៧៦៦នាក់ អ្នករបួសស្រាលចំនួន១៧៤៩នាក់ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាពមានចំនួនជាង៣០០០ករណី នេះជាទិន្នន័យទូទាំងប្រទេស។លោកថាមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍មាន៖កត្តាមនុស្ស កត្តាយានយន្ត កត្តាផ្លូវថ្នល់ លោកថាកត្តាមនុស្សមានជាង៩០%៕