ព្រះវិហារ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិ នៃប្រាសាទព្រះវិហារ (ICC ព្រះវិហារ) បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី៩ នៅសណ្ឋាគារសូហ្វីតែលសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយ លោកជំទាវ ជូ ចឺអ៊ី នាយកផ្នែកកិច្ចការបរទេស នៃបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន ជាសហប្រធានចិន និងលោកជំទាវ ដេវីយ៉ានី អ៊ុតតាំ ខូប្រាហ្គេត អគ្គរដ្ឋទូតស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ជាសហប្រធានឥណ្ឌា ព្រមទាំងរដ្ឋសមាជិកចំនួន៥ប្រទេស រួមមាន បែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក ដោយមានការចូលរួមផ្ទាល់ពីស្ថាប័នជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិសរុបប្រមាណ១០០រូប និងចូលរួមតាមប្រព័ន្ធអនឡាញ ចំនួន៥០រូប។
កិច្ចប្រជុំ អាយ ស៊ី ស៊ី ព្រះវិហារ ត្រូវបានរៀបចំឡើង ដើម្បីតាមដាន និងត្រួតពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ។ អង្គប្រជុំបានសម្តែងនូវការកោតសរសើរចំពោះក្រុមការងារអាជ្ញាធរជាតិព្រះវិហារ ដែលបានបង្កើនសមត្ថភាពកាន់តែខ្ពស់លើការស្រាវជ្រាវបែបវិទ្យាសាស្រ្ត និងវិធីសាស្រ្តនៃការអភិរក្សប្រាសាទ។ ជាក់ស្តែងថ្មីៗនេះ អាជ្ញាធរជាតិព្រះវិហារទើបនឹងបញ្ចប់ការជួសជុលស្ពានហាលខាងលិច នៃគោបុរៈទី៥ និងសាងសង់ស្ពានឈើសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរឆ្លងកាត់ ឆ្ពោះទៅកាន់ជណ្តើរបុរាណខាងជើង និងគោបុរៈទី៥ នៃប្រាសាទព្រះវិហារ។
ជាមួយគ្នានេះដែរ អង្គប្រជុំបានស្តាប់នូវបទបង្ហាញវឌញឍនភាពការងារជួសជុលគោបុរៈទី៥ នៃប្រាសាទព្រះវិហារ ដោយអ្នកជំនាញរបស់ភ្នាក់ងារស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា ហៅកាត់ ASI, របាយការណ៍សិក្សាអំពីស្ថានភាពហានិភ័យ នៃគោបុរៈទី១ ទី២ និងទី៣ នៃប្រាសាទព្រះវិហារ ដើម្បីរៀបចំផែនការ ជួសជុល និងអភិរក្សដោយអ្នកជំនាញការ នៃបណ្ឌិតសភាបេតិកភណ្ឌវប្បធម៌ចិន, លទ្ធផលកំណាយស្រាវជ្រាវបុរាណវិទ្យាអំពីឡបុរាណគោកដីឆ្នាំង នៅរមណីយដ្ឋានប្រាសាទកោះកេរ ដោយអ្នកជំនាញការ នៃសាកលវិទ្យាល័យវ៉ាសេដាប្រទេសជប៉ុន, លទ្ធផលការស្រាវជ្រាវបុរាណវិទ្យា និងជួសជុល តួប៉មឥដ្ឋប្រាសាទក្រចាប់ និងលទ្ធផលការសិក្សាអំពីកម្រិតហានិភ័យប្រាសាទក្រហម នៃប្រាសាទធំ អនុវត្តដោយអ្នកជំនាញអភិរក្ស នៃអាជ្ញាធរជាតិព្រះវិហារ។ អង្គប្រជុំក៏បានស្តាប់នូវលទ្ធផល នៃការសិក្សាស្រាវជ្រាវរបស់វិទ្យាស្ថានបារាំងចុងបូព៌ា អំពីស្ថានីយ៍ឡស្លដែក ឡស្លទង់ដែង និងឡស្លលង្ហិនបុរាណ ដែលបានរកឃើញនៅស្រុកឆែប ខេត្តព្រះវិហារ ហើយបានស្នើឲ្យធ្វើការអភិរក្សតំបន់ទាំងនោះសម្រាប់កិច្ចការស្រាវជ្រាវទៅថ្ងៃខាងមុខទៀត។
អ្នកជំនាញការជាតិ និងអន្តរជាតិ បានគាំទ្រចំពោះលទ្ធផល នៃការសិក្សាលើគម្រោងកែលម្អផ្លូវវង់ទស្សនាក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅលើហេដ្ឋារចនាសម្ព័ន្ធប្រាសាទ និងសម្រួលដល់ការងារអភិរក្ស និងការធ្វើដំណើររបស់ភ្ញៀវទេសចរ។
សូមបញ្ជាក់ថា អាជ្ញាធរជាតិព្រះវិហារ និងលេខាធិការដ្ឋានអចិន្រ្តៃយ៍ អាយ ស៊ី ស៊ី ព្រះវិហារ គ្រោងនឹងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី៩ នៅខែកញ្ញា ឆ្នាំ២០២៤ ដើម្បីតាមដានលទ្ធផលការអនុវត្ត អនុសាសន៍របស់កិច្ចប្រជុំកន្លងទៅ និងពិនិត្យមើលវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ដោយចីរភាពនៅក្នុង រមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ៕