ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរណ៍ជាង ៥៥ម៉ឺននាក់ តក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨

សៀមរាប៖ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ក្នុងរយៈពេល៣ថ្ងៃ មានភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តបុណ្យទន្លេ លើកទី៨នៅខេត្តសៀមរាប មានសរុបប្រមាណ ៥៥ម៉ឺននាក់។យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថា បុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ចាប់ថ្ងៃទី១៥ ដល់ទី១៧ ខែមីនា ឆ្នាំ២០២៤ មានអ្នកទេសចរមកកម្សាន្តក្នុងខេត្តសៀមរាប ចំនួនសរុប ៥៥៣.៧៩៤នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តមានប្រមាណ ៥២ម៉ឺននាក់ និង ភ្ញៀវទេសចរបរទេស មានចំនួន ៣៣.៧៧០នាក់។

ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឲ្យចូលរួម ក្នុងការងារអភិវឌ្ឍ និង អភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និង ចូលរួមសម្របយុទ្ធនាការពិធិកម្មទេសចរណ៍ តាមរយៈកាបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្តតាមដងទន្លេនៃកម្ពុជា ។

លោក សុខ សុកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងប្រាប់អ្នកកាសែតកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នៅក្នុងបរិវេណប្រាសាទអង្គរវត្ត សម្រាប់ខេត្តសៀមរាប ការប្រារព្ធបុណ្យទន្លេនេះ មិនត្រឹមតែជាការរំលឹកអំពីគុណប្រយោជន៍របស់ទន្លេប៉ុនណោះទេ ប៉ុន្តែវាជាបង្កើននូវកិច្ចសហប្រតិបត្តិការណ៍រវាងបណ្តាប្រទេសតាមដងទន្លេមេគង្គ និងបណ្តាប្រទេសជាដៃគូផងដែរ។ លោកបន្តថា ជាមួយគ្នានេះ ព្រឹត្តិការណ៍បុណ្យទន្លេ គឺជាឱកាសមួយដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងបណ្តាខេត្តនានា តាមដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះថាបុណ្យទន្លេនេះ មានការចូលរួមពីមន្រ្តីការទូត និងបវរកញ្ញាពិភពលោកអញ្ជើញមកចូលរួម និងភ្ញៀវទេសចរមកកម្សាន្តជាច្រើន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *