ព្រះវិហារ៖ លោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត អមដំណើរដោយលោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក ប៊ែន ដេវីស និងតំណាងអង្គការអនាគតយើង ព្រមទាំងមន្ត្រីជំនាញ អាជ្ញាធរស្រុកគូលែន នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បានចូលរួមក្នុងកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយនៃគម្រោងរេដបូក បញ្ហារបស់ភូមិ និងច្បាប់ក្នុងដែនជម្រកសតុវព្រៃភ្នំត្នោត ដល់ប្រជាពលរដ្ឋក្នុងភូមិប្រអោប ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។
នៅក្នុងឱកាសនេះដែរ លោក សុខ សាន្តតារ៉ា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ផ្ញើជូនបងប្អូនប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងស្រុកគូលែនទាំងមូល។
លោក សុខ សាន្តតារ៉ា បានថ្លែងថា ដោយសារបច្ចុប្បន្ននេះ មានបងប្អូនចំណាកស្រុកជាច្រើនបានមករស់នៅទីនេះ ក៏ដូចជាកន្លែងផ្សេងៗទៀតក្នុងខេត្តព្រះវិហារ ដោយខ្លះប្រកបរបរកសិកម្ម រួមផ្សំជាមួយការបរបាញ់សត្វក្នុងព្រៃ ការកាប់បំផ្លាញព្រៃឈើរានយកដី…ជាដើម។ ប៉ុន្តែកន្លងមក អាជ្ញាធរបានធ្វើការអប់រំផ្សព្វផ្សាយជាច្រើនដង រហូតទទួលបានជោគជ័យនៅតំបន់ភ្នំត្នោតភ្នំពក។
ពាក់ព័ន្ធនឹងគម្រោងរេដបូក លោកអភិបាលរងខេត្តព្រះវិហារ បានប្រាប់ប្រជាពលរដ្ឋពីសារៈសំខាន់នៃគម្រោងនេះ ដោយសារតែគម្រោងនេះបានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្បែៗព្រៃនេះ នៅពេលដែលយើងលក់កាបោន យើងយកថវិកាទាំងនេះមកអភិវឌ្ឍនៅក្នុងតំបន់នេះ ដូចជាកសាងផ្លូវ សាលារៀន អណ្តូងទឹកជាដើម។
ហើយដើម្បីឱ្យគម្រោងរេដបូកទទួលបានជោគជ័យ សូមបងប្អូនបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ ការកាប់ព្រៃរានយកដី លោកថាបើព្រៃឈើនៅឈរ យើងអាចប្រកបរបររកផល អនុផលព្រៃឈើនៅក្នុងព្រៃបាន ដូចជា៖ បេះផ្សិត និងផ្លែផល្លាផ្សេងយកទៅលក់ដូរ ប៉ុន្តែ បើព្រៃឈើយើងដេក នោះយើងមិនអាចធ្វើអ្វីបានទេ និយាយរួមដូចពាក្សស្លោកពោលថា៖ «រក្សាព្រៃឱ្យដើមឈើនៅឈរ យើងមិនថ្ងូរនឹងខ្វះលុយចាយ»៕SKS