សៀមរាប៖ នៅរសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ពលរដ្ឋនៅស្រុកជីក្រែង បានកើតទុក្ខមិនសុខចិត្តយ៉ាងខ្លាំងទៅនឹងទង្វើត្រីងៀតឆ្លៀតពង កន្ទេលធំ បន្លំដេករបស់ខាងផ្នែកជលផលស្រុកជីក្រែងដែលមានលោក ជុំ សុភាព នាយសង្កាត់រដ្ឋបាលផលផលកំពង់ក្តី លោក សរ ម៉ាប់ នាយផ្នែកផលផលដំដែក និងអាជ្ញាធរស្រុកពាក់ព័ន្ធមួយចំនួនទៀត ដែលបាននឹងកំពុងឆ្លៀតឱកាសកេងយកផលប្រយោជន៍ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន ដែលកំពុងគិតគូរដល់ជីវភាពប្រជាពលរដ្ឋដោយបានកាត់ឆ្កៀលផ្តល់សិទ្ធិស្របច្បាប់ទៅដល់ពលរដ្ឋដែលកាន់កាប់ដីស្រែជាក់ស្តែង ក្នុងគោលបំណងផ្តល់អោយពលរដ្ឋប្រកបរបធ្វើស្រែលើដីដែលបានកាត់ឆ្កៀល ដោយមិនមានក្តីបារម្ភទៀតពីសំណាក់ការជំរិតទារប្រាក់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។ ជាក់ស្តែង លោក ឡាន់ សុចិត្ត និងគ្រួសារ ជាប្រជាពលរដ្ឋម្នាក់រស់នៅភូមិតាគីមក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប បានឲ្យដឹងថា កន្លងមកកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ខណៈពេល ដែលរាជរដ្ឋាភិបាលបានរៀបចំចុះយកលេខនិយាមការ ថតរូបលើម្ចាស់សិទ្ធិកាន់កាប់ជាក់ស្តែងលើដីដើម្បីចុះបញ្ជីកាត់ឆ្កៀល ខ្ញុំបាទត្រូវបានខាងជលផលដែលមានឈ្មោះ ជុំ សុភាព នាយសង្កាត់រដ្ឋបាលជលផលកំពង់ក្ដី ដែលតែងតែមកគៀបរកប្រាក់ពីខ្ញុំដែលធ្វើស្រែលើដីស្របច្បាប់ តែគៀបយកប្រាក់ពីខ្ញុំមិនបាន ក៏បានចាប់រូបខ្ញុំ និងឃាត់ខ្លួនជំរិតរកប្រាក់ម្ដងរួចមកហើយ ហើយដោយជំរិតរកប្រាក់ពីខ្ញុំមិនបាន ក៏បានចាប់រូបខ្លួនខ្ញុំទាំងគ្មានកំហុសភ្លាមៗ ទាំងអយុត្តិធម៌ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តសៀមរាបតែម្តង ដោយធ្វើនេះ ក្នុងគោលដៅបើជំរិតមិនបានលុយ គឺចាប់ខ្ញុំដាក់គុកភ្លាមធ្វើក្នុងបំណងឲ្យខ្ញុំបាទខកខានមិនអាចមានវត្តមានចំពោះមុខអាជ្ញាធរចុះបញ្ជីដ៏ធ្លីដែលរដ្ឋាភិបាលបានកាត់ឆ្វៀលដល់ខ្ញុំ និងគ្រួសារ។ តែសំណុំរឿងក្តីនោះ ត្រូវបានតុលាការខេត្តសៀមរាប បានផ្ដល់យុត្តិធម៌ដល់រូបខ្ញុំរួចហើយ ដោយបានសម្រេចដោះលែង និងលើកលែងការចោទប្រកាន់លើរូបខ្ញុំវិញ កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣។ លោក បានបន្តថា ខាងជលផលនៅតែបន្តបង្កជាឧបសគ្គ ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលនយោបាយចុះបញ្ជីដីជុំវិញបឹងទន្លេសាប ផ្តល់កម្មសិទ្ធិ ឬសិទ្ធិប្រើប្រាស់អាស្រ័យផល ដល់ពលរដ្ឋស្របតាមសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការចំពោះកិច្ចចុះបញ្ជីដីតំបន់ទន្លេសាប អនុក្រឹត្យលេខ ៨៨ អនក្រ.បក ចុះ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣ សជណ.ដប លេខ ៤៦២ ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ស្តីពីការកាត់ឆ្កៀលដីរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីផ្តល់ជាកម្មសិទ្ធិ ឬប្លង់បញ្ជាក់អំពីសិទ្ធិ ដោយក្នុងនោះលោក ជុំ សុភាព តែងតែបង្កើតភ្នាក់ងារ ឬមកទារប្រាក់ផ្ទាល់ពីពលរដ្ឋ ដែលកាន់កាប់ដីស្រែជាក់ស្តែង ដោយអះអាងថាជាថ្នូរនឹងការជួយចុះបញ្ជីកាត់ឆ្កៀលដីស្រែ អោយតែដីស្រែទាំងអស់នោះ ដែលរាជរដ្ឋាភិបាលបានកាត់ឆ្វៀលអោយពលរដ្ឋស្រាប់ទៅហើយក្តី។ បើទារប្រាក់ពីប្រជាពលរដ្ឋមិនបាននោះទេ លោក ជុំ សុភាព នឹងរករឿងចាប់ឃាត់ខ្លួនពលរដ្ឋបញ្ជូនទៅតុលាការដើម្បីជារូបភាពគំរាមដល់ពលរដ្ឋផ្សេងៗទៀត កុំអោយរឹងទទឹង។ លោក បានបញ្ជាក់ទៀតថា លោក ជុំ សុភាព នេះពីមុនរហូតមកដល់បច្ចុប្បន្ន បានបង្កើតក្រុមការងារឈូសឆាយដីព្រៃលិចទឹកផង ដើរយកប្រាក់ពីអ្នកទន្ទ្រានព្រៃលិចទឹកផង សូម្បីតែអ្នករកត្រីតូចតាចក៏មិនលើកលែងឲ្យផង ព្រមទាំងដាក់ឈ្មោះអោយភ្នាក់ងាររបស់គាត់កាន់កាប់ដីព្រៃដែលបានឈូសបំពានបានថែមទៀតផង។ លោក បានស្នើសុំ នឹងដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ ដល់ថ្នាក់ដឹកនាំមេត្តាជួយរកភាពយុត្តិធម៍ដល់រូបលោកផង ពីព្រោះរឿងនេះ វាអយុត្តិធម៍ណាស់សម្រាប់ប្រជាពលរដ្ឋក្រីក្រ។ ទាក់ទិនរឿងរ៉ាវខាងលើនេះ ខាងអង្គភាពយើងមិនអាចធ្វើការទំនាក់ទំនងទៅលោកជុំ សុភាព បានទេដោយសារទូរសព្ទទៅលោកមិនលើកទូរសព្ទ ហេតុនេះហើយអង្គភាពយើងខ្ញុំរង់ចាំការបកស្រាយពីលោកជុំសុភាព សង្កាត់ជលផល កំពុងក្ដីអង្គភាពយើងនឹងរងចាំការបកស្រាយពីមន្ត្រីពាក់ព័ន្ធ រាល់ម៉ោងធ្វើការ៕