កំពង់ស្ពឺ : រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក កែវ រតនៈ បានលើកឡើងថាក្រសួងមិនបន្តចេញអាជ្ញាបណ្ណ័ឬច្បាប់ថ្មីដល់ការដ្ឋានវាយនិងកិនថ្មទៀតទេ សម្រាប់នីតិកាលទី៧នេះ ដោយរក្សាទីតាំងនិងការដ្ឋានចាស់ឱ្យនៅដដែល។ការណ៍នេះធ្វើឡើងគ្រាដែលលោកចុះជួបនឹងផ្សព្វផ្សាយដល់កម្មករនិយោជិតរ៉ែដែលកំពុងបំពេញការងារក្នុង ការដ្ឋានរ៉ែផ្ទាល់ ដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយនិងអាចអនុវត្តបានពីគ្រប់ភាគីពាក់ព័ន្ធ ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ នៅការដ្ឋានវាយថ្មក្រុមហ៊ុនជីបម៉ុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានលើកឡើងដោយគូសបញ្ជាក់ថា ការណ៍ដែលក្រសួងមិនអនុញ្ញាតឱ្យមានការដ្ឋានថ្មីគឺដោយសារតែ ការផ្គត់ផ្គង់ថ្មសំណង់នៅទូទាំងប្រទេសគឺមិនខ្វះទេ គ្រប់គ្រាន់ហើយ ។ក្រសួងចង់រៀបចំតំបន់ឱ្យបានត្រឹមត្រូវ ល្អជាងមុនដោយមិនឱ្យមានការវាយភ្នំយកថ្មកញ្ឆេតកញ្ឆូតគ្រប់កន្លែងទៀតទេ ។
រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានលើកឡើងដោយអះអាងថា ទោះបីការដ្ឋានថ្មីមិនត្រូវបានអនុញ្ញាត ប៉ុន្តែក្រសួងធានាថាមិនខ្វះថ្មសំណង់ទេនៅទូទាំងប្រទេស ហើយក៏ធានាមិនឱ្យឡើងថ្លៃលើសលប់ពេលដែលខ្វះថ្មសំណង់នោះដែរ។ការឡើងថ្លៃតិចតួចគឺដោយសារតែ ការឡើងថ្លៃនៃប្រេងសាំង និងកម្លាំងពលកម្មនៃកម្មករវាជៀសមិនរួចទេ។
លោក កែវ រតនៈ ក៏បានបញ្ជាក់បន្ថែមថា ការផ្តល់សេវាមិនគ្រប់គ្រាន់និងការនាំចេញថ្មទៅក្រៅប្រទេសគឺជាមូលហេតុដែលនាំឱ្យថ្មឡើងថ្លៃ ប៉ុន្តែក្រសួងធានាដល់តម្រូវការថ្មក្នុងប្រទេសមិនឱ្យខ្វះនោះទេ ហើយដើម្បីតម្រូវការនាំចេញក្រៅប្រទេសរួចនាំគ្នាបំផ្លាញភ្នំថ្មីៗបន្ថែមទៀតតាមរយៈការបង្កើតនិងសុំអាជ្ញាបណ្ណ័ថ្មីក្រសួងមិនអនុញ្ញាតឡើយនិយាយជារួមគឺរក្សាការដ្ឋានចាស់ៗឱ្យនៅប៉ុណ្ណឹងសិន។
លើកឡើងនៅក្នុងឱកាសនោះដែររដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលលោក កែវ រតនៈ ក៏បានព្រមានចាត់វិធានការឱ្យអស់ ទៅលើក្រុមហ៊ុនឬជនទាំងឡាយណាដែលវាយនិងដឹកថ្មមិនបានបង់ចំណូលរដ្ឋ ប្រការនេះគឺដើម្បីឱ្យការប្រកួតប្រជែងប្រព្រឹត្តិទៅដោយស្មើភាព ។មួយវិញទៀតរក្សាទុកភ្នំតូច ធំដែលនៅសេសសល់ ដើម្បីធ្វើកន្លែងអេកូទេសចរណ៍សម្រាប់ភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្ត ៕