កិច្ចប្រជុំក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តព្រះវិហារ

ព្រះវិហា÷ នៅរសៀលថ្ងៃទី១២ ខែមីនា ម្សិលមិញនេះ នៅអគារសាលាខេត្ត ជាន់ទី៣ មានរៀបចំ កិច្ចប្រជុំក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តព្រះវិហារ ក្រោមវត្តមានលោក សុខ សាន្ត តារ៉ា អភិបាលរងខេត្តព្រះវិហារ និងមានការចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ព្រមទាំងថ្នាក់ដឹកនាំទីចាត់ការ សាលាខេត្ត និងមន្ត្រីនៃ មន្ទីរទេសចរណ៍ខេត្តជាច្រើនរូប។

នៅក្នុងឱកាសនោះលោក សុខ សាន្តតារ៉ា បានឱ្យដឹងថា ខេត្តព្រះវិហារ ក្រោមការដឹកនាំរបស់​ឯកឧត្តម គីម រិទ្ធី ជាអភិបាលនៃគណៈអភិបាលខេត្ត បានខិត ខំប្រឹងប្រែងយកចិត្តទុកដាក់​អភិវឌ្ឍន៍​លើគ្រប់វិស័យ ក្នុងនោះក្រុងព្រះវិហារ ត្រូវបានយក ចិត្តទុកដាក់ អភិវឌ្ឍន៍​អោយក្លាយជាទីក្រុងប៉ៃតង និងបានគិតគូរ លើកកម្ពស់ សោភ័ណភាព បរិស្ថាន អនាម័យ ពិសេសបញ្ហាសម្រាម។ អាស្រ័យហេតុនេះ កិច្ចប្រជុំនាថ្ងៃនេះពិតជាមាន សារៈសំខាន់ណាស់ ដើម្បី​ពិនិត្យនិងពិភាក្សាទៅលើសេចក្តីណែនាំ ស្តីពីកិច្ចសហប្រតិបត្តិការ អនុវត្តបណ្តុំប្តេជ្ញាចិត្តដើម្បី​ប្រឡងប្រណាំង​ទីក្រុងស្អាត ដែលនឹងធ្វើបទបង្ហាញដោយមន្ទីរ ទេសចរណ៍ខេត្ត ព្រមទាំងពិភាក្សាទៅលើ សំណើរបស់ សាលាក្រុង ដែលមិនទាន់បានចេញជា ផ្លែផ្កាដូចអ្វីដែលយើងបានគ្រោងទុក។

លោកក៏បានស្នើអោយ លោក លោកស្រី ដែលជា ក្រុមការងារវាយតម្លៃទីក្រុងស្អាតខេត្តព្រះវិហារ ដែលបានចូលរួមក្នុងអង្គប្រជុំ មេត្តាចូលរួមលើក ឡើងនូវមតិយោបល់ ក៏ដូចជាសំណូមពរ​មកកាន់​ក្រុមការងារ ដើម្បីធ្វើការពិភាក្សាទៅលើបញ្ហា ខាងលើ អោយបានផុសផុល​ដើម្បីធានាដល់​ការចូលរួម អនុវត្តក្នុងចលនា ប្រឡងប្រណាំង ទីក្រុងស្អាត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែលអាចឈានទៅទទួលបាន ជ័យលាភី ផ្ការំដួលកាន់តែខ្ពស់ សម្រាប់កិត្តិយសបេក្ខភាព ក្រុងព្រះវិហាររបស់យើង។

បន្ថែមពីនេះ លោកក៏បានស្នើដល់ក្រុមការងារត្រូវត្រៀមលក្ខណៈ ក្នុងការរៀបចំកម្មវិធី ​បញ្ជ្រាប​ការយល់ដឹងនិងការសម្អាតទីក្រុង ដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាត លើកទី ១២ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមីនា ខាងមុខនេះ ក្រោមប្រធានបទ “ទីក្រុងស្អាតដើម្បីទេសចរណ៍”។ លោកអភិបាលរងខេត្តក៏បានតម្រូវឱ្យ គ្រប់បណ្តាមន្ទីរអង្គភាព ត្រូវរៀបចំពាក្យស្លោកចំនួនម្នាក់មួយផ្ទាំងផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *