ឯកឧត្តម ម៉ៅ សុផាន់ អញ្ជើញសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១៤៣គ្រួសារ រស់នៅក្នុងឃុំស្រយង់ ស្រុកគូលែន

ព្រះវិហារ÷ឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ អមដំណើរដោយឯកឧត្តម​ គីម​ រិទ្ធី​ អភិបាល​ នៃគណ:អភិបាលខេត្ត​ នារសៀលថ្ងៃទី១១​ ខែមីនា​ ឆ្នាំ២០២៤​ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅក្នុងភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ​។ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់​ ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរគមន៍លេខ៣ កងកម្លាំងទាំង៣ ប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។

ក្នុងជំនួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានណែនាំអោយមន្ទីរជំនាញកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ និងធ្វើការចុះវាស់វែងដីធ្លីជូនប្រជាពលរដ្ឋទាំង១៤៣គ្រួសារ​ ដែលរស់នៅក្នុងតំបន់ខាងលើដើម្បីចេញប្លង់កម្មសិទ្ធិជូនអោយបានឆាប់ៗនេះ។​

បន្ថែមពីនេះ​ ឯកឧត្តម​ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ​ ក៏បានសន្យាថាហ្នឹងធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់​ សាងសង់អណ្ដូងទឹក​ សាលារៀន​ និងតបណ្ដាញអគ្គីសនីអោយបានចូលដល់​ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដាច់ស្រយាលផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *