ទិដ្ឋភាពទូទៅនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលភូមិភាគទី៨ ខេត្តព្រះវិហារ

ព្រះវិហារ៖ នាព្រឹកថ្ងៃអាទិត្យ​ ទី២៥​ ខែកុម្ភ:​ ឆ្នាំ២០២៤នេះ​ ដែលជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ អាណត្តិទី៥​ ឆ្នាំ២០២៤ សម្រាប់ខេត្តព្រះវិហារ​ ចំណុះអោយភូមិភាគទី៨​ ក្នុងនោះមានវត្តមានអង្គបោះឆ្នោត​ ជាមេឃុំ​ ចៅសង្កាត់​ ជំទប់ទី១​ ជំទប់ទី២​ និងសមាជិកក្រុ​មប្រឹក្សាឃុំសង្កាត់ ចំណុះអោយបណ្ដាក្រុងស្រុកទាំង៨ក្នុងខេត្តព្រះវិហារ​  ដែលជាអ្នកបោះឆ្នោតតំណាងអោយប្រជាពលរដ្ឋរបស់ខ្លួននៅក្នុងមូលដ្ឋាន​យ៉ាងច្រើនកុះករបានរូតរះមកបោះឆ្នោត​ជាហូរហែរ​ ដោយទឹកមុខរីករាយ​ និងពោពេញដោយទំនុកចិត្តសម្រាប់ការជ្រើសរើសបេក្ខភាពគណបក្សនយោបាយដែលគាត់ពេញចិត្តសម្រាប់បន្ដដឹកនាំ​នៅក្នុងអាណត្តិទី៥នេះ។

ទន្ទឹមនិងនេះ​ ក៏មានវត្តមាន ឯកឧត្តម​ មាស​ សុភា​ អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តព្រះវិហារ​ បានអញ្ជើញមកចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៥​ ឆ្នាំ២០២៤​ នៅមណ្ឌលបោះឆ្នោតខេត្តព្រះវិហារ​ (ការិយាល័យលេខ៨០០៤)​ ស្ថិត​នៅវិទ្យាល័យចំណេះទូទៅ​ និងបច្ចេកទេស​ ជា​ ស៊ីម​ ត្បែងមានជ័យ​ ស្ថិតក្នុងភូមិសាស្ដ្រទីប្រជុំជនក្រុងព្រះវិហារ​ ខេត្តព្រះវិហារ។​

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៥នេះ​ មានគណបក្សនយោបាយចំនួន០៤​ បានចូលរួមប្រកួតប្រជែង​ រួមមាន៖​ ១.គណបក្សប្រជាជនកម្ពុជា,​ ២.គណបក្សឆន្ទ:ខ្មែរ​,​ ៣.​គណបក្សហ៊្វុនស៊ិនប៉ិច​ និងទី៤.គណបក្សកម្លាំងជាតិ។

សូមបញ្ជាក់ជូនថា​ អង្គបោះឆ្នោត​សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​ នីតិកាលទី៥នេះ​ គឺមានតែតំណាងរាស្ដ្រក្នុងតំណែង​ រួមនិងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងតំណែង​ (តំណាងប្រជាពលរដ្ឋ)​។  ដោយឡែកសម្រាប់ប្រជាពលរដ្ឋ​ គឺពុំត្រូវបានអនុញ្ញាតិឱ្យចូលរួមបោះឆ្នោតនោះឡើយ​ ពោលការបោះឆ្នោតនេះ​ គឺជាការបោះឆ្នោតអសកល​ ដែលច្បាប់បានកំណត់អ្នកបោះឆ្នោត​ និងអង្គបោះឆ្នោត​ គឺជាតំណាងរាស្ដ្រ​ក្នុងតំណែង​ និងក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងតំណែងនៅក្របខណ្ឌនៃភូមិភាគនីមួយៗ៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *