(ខេត្តប៉ៃលិន) ៖ ដោយមានការព្រួយបារម្ភ ចំពោះសុខទុក្ខ និងមានការយកចិត្តទុកដាក់ខ្ពស់ទៅលើជីវភាពប្រជាកសិករ រហូតមកដល់រសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធនៅជុំវិញខេត្ត អាជ្ញាធរភូមិ ឃុំ ស្រុក និងក្រុមការងារ បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យស្ថានភាពជាក់ស្តែងការបង្ក បង្កើនផលស្រូវប្រាំង និងដំណាំបន្លែរបស់ប្រជាកសិករនៅក្នុងឃុំស្ទឹងត្រង់ និងបានដោះស្រាយបញ្ហាចំពោះមុខភ្លាមៗ។ ជូនពួកគាត់ ព្រមទាំងបានចាត់មន្ត្រីជំនាញតាមដានជាប្រចាំលើបញ្ហាកង្វះទឹកស្រោចស្រពផលដំណាំ ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលាក្នុងពេលរដូវប្រាំង ដែលកំពុងជួបនឹងបញ្ហាខ្លះខាតទឹកនេះ។
ចំណែកឯដំណាំបន្លែដូចជាត្រប់ ត្រសក់ ម្ទេស ស្ពៃ និងបន្លែផ្សេងៗ ជាច្រើនមុខ លោកជំទាវ អភិបាលខេត្ត លើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ដាំតាមបែបធម្មជាតិ មិនត្រូវប្រើជីគីមីច្រើនហួសកម្រិត នាំឲ្យប៉ះពាល់ដល់សុខភាព ហើយក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅតាមភូមិនាំគ្នាចូលទៅទិញ សម្រាប់ធ្វើម្ហូបអាហារ៕ ដោយ ៖ នីយ៉ា