ខេត្តកំពង់ធំ÷ លោក សង សុផល ប្រធានស្នាក់ការបរិស្ថានអូរផ្អាវ លោក កែ គឺ លីន ប្រធានស្នាក់ការបរិស្ថានព្រះអាទិត្យ លោក អៀរ គឹម ឈាត នាយសង្កាត់ព្រៃឈើទំរីង លោក សៅ វណ្ណី នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកសណ្ដាន់ លោក ឈាង មាលា ជានាយសង្កាត់រដ្ឋបាលព្រៃឈើក្រយា លោក ហៀង ប៊ុន ធឿន នាយសង្កាត់រដ្ឋបាលព្រៃឈើបារាយណ៏ និងលោក មុំ សុផល នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម រួមនិងលោក ស៊ិន វណ្ណវុធ អភិបាលស្រុកសណ្ដាន់ រួមគំនិតគប់គិតគ្នាបើកភ្លើងខៀវអោយឈ្មួញកាប់និងដឹកជញ្ជូនព្រៃឈើយ៉ាងគគ្រឹកគគ្រេងកាត់តាមស្នាក់ការបរិស្ថាន សង្កាត់ ផ្នែករដ្ឋបាលព្រៃឈើគ្មានការបង្រ្គាបជាថ្នូនិងផលប្រយោជន៏។
តាមការសង្កេតឃើញនិងមតិរិះគន់ពីមជ្ឈដ្ឋានជាច្រើនថា ការដឹកជញ្ជូនឈើបានជារៀងរាល់យប់ដោយរលូនបែបនេះបើមន្រ្តីទាំងអស់នោះមិនបើកភ្លើងខៀវអោយទេឈ្មួញឈើទាំងនោះទោះមានស្លាបក៏ហោះមិនរួចដែរ បច្ចុប្បន្នការដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ក្នុងខេត្តកំពង់ធំបន្តកើតមានរាល់ថ្ងៃរាល់យប់ ដោយសារតែការគុបគិតគ្នាជាប្រព័ន្ធហើយបានដឹកជញ្ជូនបានដោយរលូនដូចច្នេះ តើមន្រ្តីបរិស្ថាននិងមន្រ្តីរដ្ឋបាលអាជ្ញាធរ កំពុងធ្វើអីឬក៏ទទួលផលប្រយោជន៍អស់ទៅហើយបានបណ្ដោយឱ្យដឹកជញ្ជូនរាល់ថ្ងៃបែបនេះ។
មតិមហាជនបានលើកឡើងបន្ថែមទៀតថា អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ និងលោក អភិបាលស្រុកសណ្ដាន់ហាក់បីដូចមិនអើពើក្នុងការបង្រ្កាបការដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ទាល់តែសោះ ហើយប្រជាពលរដ្ឋរស់នៅក្នុងឃុំសុចិត្រនិងឃុំមានរិទ្ធបានផ្ដល់ព័ត៌មាន មកថានៅពេលបច្ចុប្បន្ននេះមានបុគ្គល ៣នាក់ ដែលកំពង់ធ្វើអាជីវកម្មព្រៃឈើ ដែលកាប់ដឹកជញ្ជូនឈើចេញពីព្រៃឡង់ ១ឈ្មោះ ចែ នី ដឹកឈើតាមរថយន្តកែឆ្នៃហៅ បុកស័រ ចេញពីព្រៃឡង់ឆ្លងកាត់ស្នាក់ការបរិស្ថាន ២ឈ្មោះលោក និត ជាអ្នកដាក់លុយឲ្យប្រជាពលរដ្ឋខ្ចីធ្វើដើមទុនទិញសម្ភារ:ចូលទៅអារឈើក្នុងព្រៃឡង់ ៣ឈ្មោះលោក ចិត្រ ជាអ្នកទិញឈើបន្តពីលោក និត ដឹកតាមរថយន្តកូរ៉េគោយន្តកន្រ្តៃហៅកាឡេថង ឆ្លងកាត់តាម ស្នាក់ការបរិស្ថាននិងសង្កាត់ផ្នែករដ្ឋបាលព្រៃឈើ យ៉ាងរលូនយកទៅលក់ចែកចាយឲ្យដេប៉ូស្របច្បាប់នៅក្នុងស្រុកបារាយណ៍ខេត្តកំពង់ធំយ៉ាងរំភើយ។
ប្រជាពលរដ្ឋទទួចសំនូមពរដល់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ សូមអោយចាត់វិធានការចំពោះមន្រ្តីអសកម្មនិងបុគ្គលឈ្មួញឈើទាំងអស់ដែលមានឈ្មោះដូចខាងលើ ដែលកំពុងគប់គិតគ្នាប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងសកម្ម បើមិនដូចច្នោះទេព្រៃឡង់និងក្លាយទៅជាវាលរហោស្ថានជាក់ជាមិនខានឡើយ៕SKS