ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១ ខែកម្ភៈ ឆ្នាំ២០២៤ បានរៀបចំធ្វើសន្និសីទសារព័ត៌មានបង្ហាញពីវឌ្ឍនភាពលើវិស័យធនធានរ៉ែ វិស័យអគ្គិសនី វិស័យទឹកស្អាត និងការដោះស្រាយបញ្ហាផ្សេងៗជូន ប្រជាពលរដ្ឋ។
សន្និសីទសារព័ត៌មាននេះ បានធ្វើឡើងក្រោមវត្តមានលោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងលោកប្រធានមន្ទីររ៉ែ និងថាមពល លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកអភិបាល អភិបាលរង ស្រុករវៀង ស្រុកជ័យសែន ស្រុកគូលែន ស្រុកឆែប និងតំណាងក្រុមហ៊ុន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បានលើកឡើងពីសក្តានុពល នៃវិស័យធនធានរ៉ែនៅក្នុងខេត្ត ដែលក្រុមហ៊ុនមួយចំនួនកំពង់តែធ្វើអាជីវកម្ម ក៏ដូចជាកំពង់សិក្សាស្រាវជ្រាវ សុទ្ធតែមានច្បាប់អនុញ្ញាតត្រឹមត្រូវ ពីរាជរដ្ឋាភិបាល ព្រមតាំងបានបង់ពន្ធស៊ុយសារជូនរដ្ឋយ៉ាងទៀងទៀត។ ដោយឡែកអាជ្ញាធរខេត្ត អាជ្ញាស្រុកស្រុក គឺជាអ្នកសម្រសម្រួលការងារតែប៉ុណ្ណោះ។ លោក ស៊ុន ច័ន្ទរក្សា ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តព្រះវិហារបានថ្លែងថា សម្រាប់ខេត្តព្រះវិហារ មានអាជ្ញាបណ្ណលើវិស័យរ៉ែមាស អាជ្ញាបណ្ណស្វែងរុករក និងអាជ្ញាបណ្ណរ៉ែលោហៈមានចំនួន១១ អាជ្ញាបណ្ណឧស្សាហកម្ម អាជីវកម្មធនធានរ៉ែមាសចំនួន៤ គឺរ៉ែមាសចំនួន២ និងរ៉ែដែកចំនួន២ អណ្តូងរ៉ែបើក និងអាជីវកម្មវាយថ្មមានចំនួន៤ អាជីវកម្មថ្មសំណង់មាន៤ អាជីវកម្មថ្មភក់មាន៥ អាជីវកម្មដីចល័តមាន៣០ និងអាជីវកម្មបូមខ្សាច់មាន២។
លោកប្រធានមន្ទីររ៉ែ បានប្រាប់ពីវិស័យអគ្គិសនីទូទាំងខេត្តព្រះវិហារ ដោយមានក្រុមហ៊ុន និងសេវាករចំនួន១៧។ នៅក្នុងឆ្នាំ២០២៣ ក្នុងចំណោមភូមិចំនួន២៣២ ទូទាំងខេត្តព្រះវិហារ មានភូមិចំនួន២១៨ភូមិ បានប្រើប្រាស់ ថាមពលអគ្គសនី និងភូមិចំនួន១៤ទៀត មិនទាន់បានប្រើប្រាសថាមពលអគ្គិសនីទេ។ នេះមិនរាប់ភូមិរណបនោះទេ បើគិតជាភាគរយភូមិដែលបានប្រើប្រាសថាមពលអគ្គិសនីមានចំនួន៩៣.៩៧ភាគរយ។ ដោយឡែកភូមិ ដែលមិនទាន់ប្រើប្រាស់ថាមពលអគ្គិសនី គឺមន្ត្រីជំនាញ នឹងសហការជាមួយអាជ្ញាធរ ក្រុមហ៊ុន សេវាករ នឹងពន្លឿន ពង្រីកបណ្តាញ ដើម្បីតឱ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋ។
ទាក់ទងនឹងវិស័យទឹកស្អាត, លោក ហូរ គា ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តព្រះវិហារ បានថ្លែងថា សម្រាប់ខេត្តព្រះវិហារមានសេវករចំនួន៤ ដែលមានអាជ្ញាបណ្ណផ្គត់ផ្គង់ទឹកស្អាត គឺសម្រាប់ ក្រុងព្រះវិហារ មាន២ទីតាំង គឺនៅសង្កាត់កំពង់ប្រណាក និងសង្កាត់ប៉ាលហាល សម្រាប់ស្រុករវៀងការផ្គត់ផ្គង់ទឹកស្អាតមានចំនួន៥ឃុំ ស្រុកជាំក្សាន្តមានការផ្គត់ផ្គង់ទឹកស្អាតចំនួន៥ឃុំ ហើយក៏មានសេវាករចំនួន៥ទៀត កំពុងសិក្សាលទ្ធភាពដើម្បីផ្គត់ផ្គង់ទឹកស្អាតដល់ប្រជាពលរដ្ឋចំនួន១០ឃុំ តាមបណ្តាលស្រុកទៀត។
ក្នុងនាមលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ, លោក ណុប វុធ្ធី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា រដ្ឋបាលខេត្តមានមន្ទីរ អង្គភាព ជំនាញនានាជាសនាធិការ ដូចការលើកឡើងរបស់លោកប្រធានមន្ទីរ អង្គភាពជំនាញនាពេលនេះ គឺការធ្វើមួយ ការអនុវត្តអ្វិមួយ គឺធ្វើយ៉ាងត្រឹមត្រូវទៅតាមឋានានុក្រមដោយផ្អែកលើច្បាប់ មិនមែនចេះតែធ្វើអ្វីមួយដោយបំពាននឹងខុសប្បាប់នោះទេ លោកក៏អំពាវនាវឱ្យបងប្អូនអ្នកសារព័ត៌មានយើង មុននឹងចុះផ្សាយពីអ្វីមួយ គឺត្រូវមានការសួរនាំឱ្យច្បាស់លាស់ជាមុនសិន។
ទាក់ទងនឹងសំណួររបស់អ្នកសារព័ត៌មានដែលបានចោទសួរពីការធ្វើអាជីវកម្មរ៉ែ បញ្ហាអគ្គិសនី បញ្ហាទឹកស្អាត ក៏ដូចជាបញ្ហាទំនាស់ដីធ្លីផ្សេងៗ លោក ណុប វុធ្ធី ថ្លែងថា សម្រាប់ខេត្តព្រះវិហារក្រោមការដឹកនាំរបស់លោក គីម រិទ្ធី ជាអភិបាលខេត្ត គឺមានចក្ខុវិស័យច្បាស់លាស់ក្នុងទិសដៅអភិវ្ឍខេត្តមួយនេះឱ្យមានរីកចម្រើន ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
ទាក់ទងនឹងបញ្ហាអាជីវកម្មធនធានរ៉ែនៅក្នុងខេត្ត គឺក្រុមហ៊ុនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដូចជាក្រុមហ៊ុនគ្លូបបលហ្គ្រីន (អាជីវកម្មរ៉ែដែក) ឆ្នាំ២០២៣ បានបង់ស៊ុយសារជូនរដ្ឋចំនួន១.៩៤០.៦៨៨០ដុល្លារ ក្រុមហ៊ុនសុីងសាន្ត (អាជីវកម្មរ៉ែមាស) បង់ស៊ុយសារជូនរដ្ឋចំនួន១៦២.៧៤២.៧៨ដុល្លារ ហើយសម្រាប់ឆ្នាំ២០២៣ បានបង់ចំនួន២៧៥៩១ដុល្លារ និងក្រុមហ៊ុនដែលខំ (អាជីវកម្មរ៉ែមាស) បានបង់ស៊ុយសារជូនរដ្ឋចំនួន ៤១៤.៤៤៤.៦៤ដុល្លារ។ ចំពោះបញ្ហាអគ្គិសនី បញ្ហាទឹកស្អាត អាជ្ញាធរខេត្ត នឹងជំរុញធ្វើការតភ្ជាប់ឱ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋនៅខាងមុខបន្តទៀត៕