ដោយ៖ ស៊ឹម ចរិយា
ព្រះវិហារ៖ រសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរខេត្តព្រះវិហារ បានបើកសន្និសីទសារព័ត៌មានមួយ ដើម្បីបកស្រាយអំពី បញ្ហាដែលកើតឡើង និងបានចុះផ្សាយពីទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ ជាមួយហ្នឹងក្រុមហ៊ុន ស្ករអំពៅចិន នៅស្រុកឆែប។
សន្និសីទនេះ បានធ្វើឡើងក្រោមវត្តមាន លោក ណុប វុធ្ធី អភិបាលរងខេត្ត តំណាងឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ អង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ស សាវេត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដី ខេត្តព្រះវិហារ បានបញ្ជាក់ថា ក្រុមហ៊ុនអំពៅចិនចំនួន៥ ជាសម្ព័ន្ធក្រុមហ៊ុនចិនតែមួយ ក្នុងកិច្ចសហការណ៍ចុះកិច្ចសន្យាជួលដីរដ្ឋដែលបានចុះបញ្ជីរួច រយៈពេល៥០ឆ្នាំ សម្រាប់ធ្វើការ វិនិយោគទៅលើដំណាំអំពៅ និងអាកាស្យា នៅលើផ្ទៃដីចំនួនជាង ២០,១៧៨ហិកតា ស្ថិតក្នុង ភូមិសាស្ដ្រត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែន។
សន្និសីទនេះទាក់ទិនទៅនឹងការចុះផ្សាយរបស់សាព័តមាន ដែលមានខ្លឹមសារថា “ក្រុមហ៊ុនអំពៅ ចិនទៅទន្ទ្រានឈូសឆាយលើដីចំការរបស់ប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិច បានប្រើ ប្រាស់ និងអាស្រ័យផលជាយូរណាស់មកហើយ” នោះ លោកថាគឺជាការបំភ្លើសទាំងស្រុង ខណៈដីទាំង ៦០ហិកតានោះ ស្ថិតក្នុងទំហំផ្ទៃដីទាំង ៦,៦៦៤ហិកតាជាង ដែលបានចុះបញ្ជី ទៅឱ្យក្រុមហ៊ុនរួយហ្វេង ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំង៥ ពោលគឺជាដីរបស់ រដ្ឋដែលបានចុះបញ្ជីរួច ដែលមានក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទជាតំណាងនីតិបុគ្គល ហើយក៏ត្រូវ បានចេញវិញ្ញាបនប័ត្រសម្គាល់សិទ្ធសម្បទានសេដ្ឋកិច្ច ជូនក្រុមហ៊ុនរួយហ្វេងរួច រាល់ហើយដែរ។
លោក ស្រ៊ុន បូរិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ក៏បានបញ្ជាក់ ឱ្យដឹងថា នៅមុនអំឡុងពេលរាតត្បាតជំងឺកូវីដ-១៩ ក្រុមហ៊ុនស្ករអំពៅចិនបានបន្ថយសកម្មភាព របស់ខ្លួនមួយចំនួន និងអំឡុងពេលកូវីដ-១៩ ក្រុមហ៊ុនក៏បានផ្អាកសកម្មភាពបណ្ដោះអាសន្ន ជាហេតុធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងមួយចំនួន បានចូលអាស្រ័យផលដំដំណាំផ្សេងៗ ប៉ុន្តែ ដោយការយោគយល់របស់អាជ្ញាធរខេត្តព្រះវិហារ គឺបានឱ្យបងប្អូនប្រជាពលរដ្ឋយើង ធ្វើកិច្ច សន្យា ពេលដែលប្រមូលផលរួចត្រូវបញ្ឈប់ការដាំដុះលើដីវិនិយោគនេះតទៅទៀត តែពីមួយឆ្នាំ ទៅមួយឆ្នាំ ពីមួយរដូវទៅមួយរដូវ បងប្អូននៅតែបន្តដាំដំណាំលើដីនេះដដែល។
លោកថា អ្វីដែលសំខាន់គឺក្រុមហ៊ុនបានបង់ពន្ធជូនរដ្ឋជារៀងរាល់ឆ្នាំ គឺផ្ទុយពីការចុះ ផ្សាយកន្លងទៅថ្មីៗ ថាក្រុមហ៊ុនស្ករអំពៅចិននៅស្រុកឆែប ខេត្តព្រះវិហារបានក្ស័យធន់ ក៏ដូចជាមិនដំណើរការ ។
ក្នុងឱកាសនោះ លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បានមានប្រសាសន៍ថា ដោយអនុវត្តតាមអនុសាសន៍របស់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ គឺយកយន្តការ ដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយអាជ្ញាធរខេត្ត មិនចង់ឃើញបងប្អូនមានទោសទ័ណ្ឌ នោះទេ តែងព្យាយាមដោះស្រាយសម្របសម្រួល ក៏ដូចជាការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ យើងត្រូវគោរពច្បាប់ ដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍតទៅទៀត។
លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់ច្បាស់ៗថា ដីសម្បទានសេដ្ឋកិច្ច ចំនួនជាង ២០,៧៧៨ ហិកតា របស់ក្រុមហ៊ុនស្ករអំពៅចិននេះ គឺជាដីឯកជនរបស់រដ្ឋ ក្រុមហ៊ុនគ្រាន់តែទទួលសិទ្ធ វិនិយោគ ដោយប្រើប្រាស់អាស្រ័យផល តាមកិច្ចសន្យាដែលបានកំណត់ជាក់លាក់ ក្រោយចប់ កិច្ចសន្យា ដីនោះហ្នឹងក្លាយជាដីរដ្ឋដដែល៕SKS