ស្ទឹងត្រែង៖ កម្លាំងចម្រុះស្រុកសេសានសហការជាមួយ មន្ត្រីបរិស្ថានខេត្ត បើកប្រតិបត្កិការបង្ក្រាបបទល្មើសឈូសឆាយ កាប់ព្រៃរានយកដី នៅចំណុច អូរសេវ ភូមិផ្កាដកព័រ ក្នុងឃុំស្តៅ ដកហូតយកដីទាំងនោះមកទុកជាសម្បត្តិរដ្ឋវិញ ។
ក្នុងសកម្មភាពចុះបង្ក្រាប់បទល្មើសកាប់ព្រៃដុតទន្ទ្រានរានយកដី នៅថ្ងៃទី១២ មករា ឆ្នាំ២០២៤លោកសុវណ្ណពិសេដ្ឋ អភិបាលស្រុកសេសាន បានបញ្ចាក់ថា៖ ដីដែលត្រូវដកហូតនេះ មានទំហ៊ំ១២០ហិចតា ដែលជនសង្ស័យបាននាំគ្នាលួចកាប់បំផ្លាញព្រៃឈើ ឈូសឆាយដុតព្រៃរានយកដី នៅពេលយប់បង្កឱ្យបាត់បង់ ធនធានធម្មជាតិ និងជំរកសត្វព្រៃដែលកំពុងរស់នៅបន្ថែមទៀត ។
លោកបន្តថា៖នេះជាគង្វើរខុសច្បាប់ អាជ្ញាធរមិនអត់ឱនបានទេ ហើយមន្ត្រីជំនាញនិងស្រាវជ្រាវនាំខ្លួនមកអនុវត្តច្បាប់ ចំណែកដីជនល្មើសឈួសឆាយមានបំណងយកនេះនិងដកហូតមកទុកជាដីបំរុង របស់រដ្ឋវិញ (សំឡេង)ឃើញទើបតែឈួសថ្មីៗ ម្សិលមិញ ឬព្រឹកមិញនេះ អញ្ចឹងសូមប្រកាសនិងអំពាវនាវទៅដល់ សាធារណជន និងជនល្មើសទាំងអស់ មេត្តាសហការជាមួយអាជ្ញាធរ ហើយបញ្ឈប់ការកាន់កាប់ប្រសិនបើពាក់ព័ន្ធ សុំដកខ្លួនឱ្យហើយ តែយើងនិងធ្វើការចុចប៉ុងទេ ឃ្លុំ ឡើង ធ្វើការដកហូត ដោយសុំដីការពីតុលាការ។
លោកនួយប៊ុនធួយ មេឃុំស្តៅ បានបញ្ជាក់ថា៖ មុខសញ្ញានេះអាជ្ញាធរ បានកំណត់មុខសញ្ញារួចហើយ ទោះបីជនខិលខូចបានរត់គេចខ្លួនយ៉ាងណាក៍ដោយ ភស្តុតាងនេះសមត្ថកិច្ចជំនាញនិងក៍សាងសំណុំរឿងនេះ ដាក់ជូនទៅមន្ទីរបរិស្ថាន និង រដ្ឋបាលខេត្ត ដើម្បីមានវិធានការ ។
លោកបន្តថា៖ ដីព្រៃនៅតំបន់នេះ ជាទីតាំងអភិរក្សសម្រាប់ឱ្យសត្វព្រៃ គ្រប់ប្រភេទរស់នៅ ហើយកន្លងមកអាជ្ញាធរឃុំនិងមន្ត្រីជំនាញបានដាក់ស្លាកសញ្ញាហាមឃាត់ការកាប់រានយូរមកហើយ ។
លោកវុធ ឃីត មន្ត្រី ផ្នែកបរិស្ថានបានបញ្ជាក់ថា៖មន្ត្រីជំនាញគ្រប់ស្ថាប័នបន្តបង្កើនការអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត លេខ៣៤៥ស.ជ.ណ ចាត់វិធានកាន់មានប្រសិទ្ធភាព ព្រោះដីនេះជាតំបន់ដែនអភិរក្សជីវចម្រុះ ការពារធនធានធម្មជាតិ ស្ថិននៅក្នុងច្រករបៀង អូរសេវ- ភ្នំវែង -ភ្នំគល់ -ភ្នំបាក់ និងជាប់ទៅភ្នំក្រឡាពុះ -ក្នុងស្រុកសេសាននិងស្រុកសៀមប៉ាងផងដែរ ។
សូមបញ្ជាក់ថា:ទីតាំងកាប់រានដីព្រៃខាងលើ សមត្ថកិច្ចជំនាញធ្វើរបាយការណ៍ ដាក់ជូនទៅថ្នាក់ខេត្ត រងចាំការសម្រេច ដើម្បីចាត់វិធានតាមនីតិវិធី ព្រោះមុខសញ្ញាកាប់បំផ្លាញព្រៃឈើរានយកដីនេះ មន្ត្រីជំនាញពិនិត្យភស្តុតាង និងបានកំណត់មុខសញ្ញារួចហើយ តែបើអ្នកពាក់ព័ន្ធទាំងនោះមកសារភាព និងមានការលើកលែងទោសកំហុស ៕