ខេត្តប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងណែនាំដល់មន្រ្តីសុខាភិបាលសាធារណៈ និងឯកជន ត្រូវដើរតួជាដៃគូអភិវឌ្ឍន៍ និងមានទំនាក់ទំនងល្អ សហការគ្នាទៅវិញទៅមក ដើម្បីរួមគ្នាផ្តល់សេវាថែទាំ និងព្យាបាលប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងដោយគុណធម៌ ក្រោមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលអណត្តិទី៧ ។
លោកជំទាវអភិបាលខេត្តប៉ៃលិន បានលើកឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ដ ស្តីពីការត្រួតពិនិត្យ ការអនុវត្តតួនាទីភារកិច្ច និងការផ្តល់សេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរថែមទៀត ក្នុងការចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោ ណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តប៉ៃលិន។
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា ៖ ដើម្បីជំរុញឲ្យវិស័យសុខាភិបាលក្នុងខេត្ត ទទួលបានជោគជ័យបន្ថែមទៀត មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវមានកិច្ចសហការឲ្យបានល្អ ជាមួយស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ ជាពិសេសអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តទិសដៅផែនការ ដែលបានដាក់ចេញ ប្រកបដោយប្រសិទ្ធិភាពឆ្ពោះទៅរកភាពជោគ ជ័យ ដែលបានកំណត់ ជាពិសេសត្រូវខិតខំពង្រឹង និងលើកកម្ពស់គុណភាពសេវាទាំងថ្នាក់ខេត្ត និងថ្នាក់មូលដ្ឋាន ព្រមទាំងខិតខំអភិវឌ្ឍធនធានមនុស្សប្រកបដោយចំណេះដឹង និងមានបច្ចេកទេសគ្រប់គ្រាន់ ក្នុងការបំរើសេវាជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈជាគ្រូពេទ្យ ។
លោកជំទាវអភិបាលខេត្ត បានបញ្ជាក់ថា ៖ វិស័យសុខាភិបាល គឺជាវិស័យអាទិភាពមួយ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការ អភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជាតាមរយៈការលើក កម្ពស់ស្ថានភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង ដែលផ្តល់ឱកាសដល់ប្រជាពលរដ្ឋចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម-សេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពរស់នៅឲ្យកាន់តែល្អប្រសើរ។
នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង អនុវត្តការងាររបស់មន្ទីរសុខាភិបាលខេត្ត ក្នុងការងារផ្តល់សេវាសាធារណៈ សេវាសុខាភិបាល ជូនដល់ប្រជាពលរដ្ឋ គ្រប់មូលដ្ឋាន ពិសេសរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានប្រឹងប្រែងប្រយុទ្ធប្រឆាំង និងគ្រប់គ្រងបញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រហូតទទួលបានលទ្ធផលល្អប្រសើរ និងទទួលបានការកោតសរសើរ ពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ៕ ដោយ ៖ នីយ៉ា