ខេត្តស្វាយរៀង៖ប្រជាពលរដ្ឋភូមិឬស្សីអម ផ្ទុះការតវ៉ា សុំឲ្យអាជ្ញាធរដោះស្រាយរកយុត្តិធម៌ មូលហេតុ មានក្រុមអាជីវករជីករណ្តៅដីយកអាចម៌ដីលក់ បានលួចឈុសឆាយដីស្រែរបស់ប្រជាពលរដ្ឋ០៤គ្រួសារធ្វើផ្លូវដឹកអាចម៌ដីចេញទៅចាក់ឲ្យក្រុមហ៊ុន បង្កើតជាតំបន់សេដ្ឋកិច្ចសេសមួយកន្លែង និងបង្កហុយធូលីដីចូលលំនៅឋានរបស់ប្រជាពលរដ្ឋនៅក្នុងភូមិឬស្សីអមឃុំខ្សែត្រ ស្រុកកំពង់រោទ៌ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំង។ការផ្ទុះការតវានេះកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១១មករា រហូតមកដល់ថ្ងៃទី១២មករា២០២៤នេះពុំទាន់មានដំណោះស្រាយនៅឡើយ។
បើតាមប្រជាពលរដ្ឋដែលរងគ្រោះ នៅភូមិឬស្សីអមបានប្រាប់ក្រុមអ្នកសារព័ត៌មានយើងថា នៅព្រឹកថ្ងៃទី១១មករា ស្រាប់តែមានអេស្កាវទ័រ០២គ្រឿង ទៅលួចឈុសឆាយដីស្រែនិងឈុសរំលាយភ្លឺស្រែរបស់ពួកគាត់ ០៤គ្រួសារបង្កឲ្យបាត់ទ្រង់ទ្រាយដើមចូលគ្នា ដោយអយុត្តិធម៌ ដើម្បីធ្វើផ្លូវដឹកយកអាចម៌ដី ទៅលក់ឲ្យក្រុមហ៊ុនធ្វើអភិវឌ្ឍន៍។ប្រភពបានបន្តថា៖ដោយឃើញភាពអយុត្តិធម៌បែបនេះពួកគាត់ទៅប្តឹងលោកមេភូមិឬស្សីអម និងលោកមេឃុំខ្សែត្រឲ្យជួយអន្តរាគមន៍ទប់ស្កាត់ និងឃាត់សកម្មភាពឈប់ឲ្យឈុសឆាយបន្តដើម្បីដោះស្រាយ។លោកមេភូមិឬស្សីអមបានឲ្យដឹងថា៖ក្រោយពីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋភ្លាមលោកបានរាយការណ៍ទៅលោកមេឃុំ ៗ បានរាយការណ៍ទៅលោកអភិបាលស្រុកកំពង់រោទ៌ដើម្បីដោះស្រាយ។
ប្រភពបន្តទៀតថា៖ការសម្របសម្រួលដោះស្រាយ តំណាងក្រុមហ៊ុនបានយល់ព្រមធ្វើកិច្ចសន្យាសងការខូចខាតនិងសុំជួលដីប្រជាពលរដ្ឋរងគ្រោះ០៤គ្រួសារ ក្នុង១ខែ ១០០ដុល្លារ០១គ្រួសារ រយៈពេល០៨ខែ ក៏ប៉ុន្តែ ក្រុមអាជីវកម្មនោះមិនបានអនុវត្តតាមកិច្ចសន្យាទេ បែជានិយាយថា ក្រុមហ៊ុនអត់ទាន់ទម្លាក់លុយឲ្យ។ ទាក់ទិនករណីនេះដែរ លោកមេឃុំខ្សែត្រ បានមានប្រសាសន៍ថា ក្រុមអាជីវកម្មជីករណ្តៅដីយកអាចម៌ដីលក់នេះប្រមាណជា០៥ក្រុម មកឈុសឆាយដីស្រែប្រជាពលរដ្ឋ និង ជីកដីចំណីព្រែក ចាក់ដីលប់ប្រឡាយសាធារណៈរបស់រដ្ឋដោយគ្មានច្បាប់អនុញ្ញាតិ ឬជូនដំណឹងមកអាជ្ញាធរឃុំបានដឹងទេ ទើបលោករាយការណ៍លោកអភិបាលស្រុកកំពង់រោទ៌ដើម្បីពិនិត្យនិងដោះស្រាយ ។
ទាក់ទិនករណីនេះដែរ លោកសុច ពិសី អភិបាលស្រុកកំពង់រោទ៌ ក៏បានចាត់លោក ឃុត គីម អភិបាលរងស្រុក កំពង់រោទ៌ ចុះទៅដល់កន្លែងកើតហេតុ ដើម្បីពិនិត្យដោះស្រាយ លទ្ធផល ពិនិត្យឃើញថា ទី១,ក្រុមហ៊ុន ពុំទាន់មានច្បាប់អនុញ្ញាតិ ឬស្នើរសុំមករដ្ឋបាលស្រុកកំពង់រោទ៌ដើម្បីប្តូរប្រភេទដី ឬចាក់ដី សាងសង់អ្វីនោះទេ។ទី២, ក្រុមអាជីវកម្មជីករណ្តៅដី យកអាចម៌ដីដឹកចាក់ឲ្យក្រុមហ៊ុន ក៏គ្មានច្បាប់អនុញ្ញាតិដែរ។ទី៣,ហើយចំពោះក្រុមហ៊ុន ចាក់ដីលប់ប្រឡាយសាធារណៈ ២កន្លែងធ្វើផ្លូវចរាចរណ៍រថយន្ត ក៏ពុំបានសុំច្បាប់ដែរ ។
លោកអភិបាលរងស្រុក បានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃទី១៣មករា២០២៤ស្អែកនេះ លោកអភិបាលស្រុកលោកចាត់ក្រុមការងារអាជ្ញាធរភូមិឃុំស្រុក សហការជាមួយមន្ត្រីការិយាល័យភូមិបាលនិងសុរិយោដីស្រុកកំពង់រោទ៌ចុះពិនិត្យវាស់វែងផលប៉ះពាល់ ដីស្រែរបស់ប្រជាពលរដ្ឋនិងដីចំណីព្រែក ដីចំណីប្រឡាយ ដើម្បីឲ្យក្រុមហ៊ុន រៀបចំគម្រោង សំណើរសុំទៅអាជ្ញាធរខេត្តពិនិត្យដោះស្រាយ។
ទាក់ទិនករណីនេះដែរ តំណាងក្រុមហ៊ុនម្នាក់ បានប្រាប់អ្នកសារព័ត៌មានយើងនៅរសៀលថ្ងៃទី១២មករា ២០២៤ថា ក្រុមហ៊ុន មានគម្រោងបង្កើតជាតំបន់សេដ្ឋកិច្ចពិសេស (តំបន់សេដ្ឋកិច្ចពិសេសហ្វ៉ូយស៊ីន) ក្រុមហ៊ុនបានកំពុងរៀបចំច្បាប់អនុញ្ញាតិពីអាជ្ញាធរខេត្ត ឈុសឆាយធ្វើព្រំដី ហើយចំពោះការចាក់ដីលប់ប្រឡាយ២កន្លែងគឺ ធ្វើផ្លូវចូលរថយន្ត នូវពេលរដូវវស្សា គឺដាក់លូបើកផ្លូវទឹកវិញ ហើយ។ហើយនៅចំណុចដែលប៉ះពាល់ដីស្រែប្រជាពលរដ្ឋ០៤គ្រួសារនោះ ក្រុមហ៊ុនកំពុងដោះស្រាយជូនប្រជាពលរដ្ឋ រីឯដីហុយ គឺឲ្យក្រុមដឹកដីបាញ់ទឹក ។
ចំណែកដីព្រែកនិងដីប្រឡាយក្រុមហ៊ុនបានដាក់សំណើរស្នើរទៅអាជ្ញាធរខេត្តស្វាយរៀងសុំស្តារ ព្រែកនិងស្តារប្រឡាយដើម្បីយកអាចម៌ដីនិងស្តុកទឹកនៅរដូវវស្សា ។ បើតាមអាជ្ញាធរស្រុកកំពង់រោទ៌បានឲ្យដឹងថា ក្រុមហ៊ុនបានប្រមូលទិញដីស្រែពីប្រជាពលរដ្ឋក្នុងភូមិឬស្សីអម ឃុំខ្សែត្រប្រមាណជាង១០០ហិកតា ធ្វើការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក៏ប៉ុន្តែពុំទាន់បានដាក់ពាក្យស្នើសុំចុះបញ្ជី ប្តូរដីកសិកម្មទៅជាដីសាងសង់នៅឡើយទេ ក៏ប៉ុន្តែក្រុមហ៊ុនបានដាក់ដេញថ្លៃឲ្យក្រុមអាជីវកម្មជីករណ្តៅដីធ្វើសកម្មភាព ដោយគ្មានការអនុញ្ញាតិពីអាជ្ញាធរឡើយ៕(មិន ភក្ដី)