អភិបាលរងខេត្តកំពង់ធំអំពាវនាវឲ្យប្រពលរដ្ឋសិស្សានុសិស្សចូលរួមកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីថែរក្សបរិស្ថាបនិងសុខភាព

កំពង់ធំ៖ឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំបានអំពាវនាវប្រជាពលរដ្ឋសិស្សានុសិស្សចូលរួមកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក ដើម្បីសុខភាពយើងទាំងអស់គ្នា។

ឯកឧត្តម ជា វ៉ាន់ចាន់ បានថ្លែងក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ប្លាស្ទិក” ជូនដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនក្រុងស្ទឹងសែន និងមន្ទីរវិស័យជំុវិញខេត្ត នៅសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែន អាចារ្យលាក់ ជិត១៥០០នាក់ ស្ថិតនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែននាព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ។

លោកអភិបាលរងខេត្តក្នុងនាមរដ្ឋបាលខេត្តកំពង់ធំបានឲ្យដឹងថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តបានចុះអនុស្សារណៈយោគយល់រវាងក្រសួងបរិស្ថានស្តីពីយុទ្ធនាការផ្សព្វផ្សាយការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ” ពិតណាស់នាពេលបច្ចុប្បន្នប្រទេសជាច្រើននៅលើសកលលោកកំពុងតែប្រឈមយ៉ាងខ្លាំងជាមួយបញ្ហាបរិស្ថាន ជាពិសេសសំណល់ប្លាស្ទិកដែលបានបង្កឱ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ពិភពលោក សង្គមជាតិ គ្រួសារ និងកូនចៅជំនាន់ក្រោយ។

ជាក់ស្តែងការប្រើប្រាស់សម្ភារៈ ម្ហូបអាហារ និងផលិតផលផ្សេងៗ បានបន្សល់នូវកាកសំណល់យ៉ាងច្រើនពីមួយថ្ងៃទៅមួយថ្ងៃ និងមានកើនឡើងគួរឱ្យកត់សម្គាល់ ដោយអត្រាកំណើនតម្រូវការរបស់ប្រជាជន កាន់តែច្រើនឡើង ហើយការទុកដាក់និងវេចខ្ចប់កាកសំណល់សំរាមថង់ប្លាស្ទិកពុំបានត្រឹមត្រូវល្អ ។

 

លោកបន្តថាស្ថិតក្នុងបញ្ហាប្រឈមខាងលើ ក្នុងនាមថ្នាក់ដឹកនាំខេត្តបាននិងកំពុងបន្តធ្វើការផ្សព្វផ្សាយដល់មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋឱ្យចូលរួមខិតខំថែរក្សាអនាម័យ សម្អាតបរិស្ថានជាប្រចាំនិងរក្សាសោភ័ណភាព

បរិស្ថានបន្ថែមទៀត តាមរយៈការចូល រួមទាំងអស់គ្នា ជាពិសេសត្រូវខិតខំសិក្សាស្វែងយល់ពីផលប៉ះពាល់ដែលកើត មកពីថង់ប្លាស្ទិកដែលកំពុងនិយមប្រើប្រាស់ជាប្រចាំ ដោយរួមគ្នាខិតខំដោះស្រាយបញ្ហាសំណល់ប្លាស្ទិក សំដៅធ្វើឱ្យការប្រើប្រាស់ប្លាស្ទិកត្រូវបានកាត់បន្ថយមកតិចបំផុតតាមដែលអាចធ្វើបាន។ ជាពិសេសរដ្ឋបាលខេត្តមានទីលានគ្រប់គ្រងសំរាមត្រឹមត្រូវ ដែលកំពុងដំណើរការទុកដាក់សំរាមបានយ៉ាងល្អ មិនបង្កផលប៉ះពាល់ដល់បរិស្ថានទៀតនោះទេ។

លោក  បញ្ជាក់ថាយុទ្ធនាការដែលបានរៀបចំក្នុងថ្ងៃនេះ គឺជាការបំផុសស្មារតីរបស់សាធារណជន ពិសេសស្រទាប់យុវជន ឲ្យយល់ដឹងអំពីផលប៉ះពាល់នៃសំណល់សំរាម ជាពិសេសគឺសំណល់ប្លាស្ទិកដែលបង្ករគ្រោះថ្នាក់បំផុតដល់សុខភាពមនុស្ស និងគុណភាពបរិស្ថាន និងជាឱកាសក្នុងការឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា ដើម្បីកិច្ចគាំពារបរិស្ថាន និងបង្ហាញពីការយកចិត្តទុកដាក់របស់ប្រជាជនទាំងអស់គ្នា ក៏ដូចជាប្រជាជនលើសកលលោក ដើម្បីបុព្វហេតុរួមចំណែកការពារ និងថែរក្សាគុណ ភាពបរិស្ថាន ភពផែនដីឱ្យឈានឆ្ពោះទៅរក្សានិរន្តរភាព និងភាពស្រស់បំព្រងសម្រាប់មនុស្សបច្ចុប្បន្ន និងមនុស្សជំនាន់ក្រោយៗ។ឈិតសំបូរ.

You might like

Leave a Reply

Your email address will not be published. Required fields are marked *