(ព្រះវិហារ)៖ ប្រធាន អនុប្រធានទី១ និងក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះវិហារថ្មី ត្រូវបានប្រកាសជាផ្លូវការ នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ ដែលមានលោក ម៉ៅ សុផាន់ ជាប្រធានក្រុមការងារ និងលោក យស ផានីត្តា ជាអនុប្រធានទី១។
ពិធីនេះបានធ្វើឡើងស្ថិតក្រោមវត្តមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីក្រុមការងារ ថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារ ថ្នាក់ដឹកនាំបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ជាច្រើនរូបទៀត។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះក្រុមការងារគណបក្សថ្នាក់កណ្តាល និងថ្នាក់ដឹកនាំគបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នូវសព្វសាធុការពរជ័យ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំសកល២០២៤ សូមមានសុខភាពល្អនិងទទួលជោគជ័យជាបន្តទៀត។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំបន្តដែលប្រកាសនាពេលនេះ ពិសេសលោក ម៉ៅ សុផាន់ ដែលបានទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវបន្តខិតខំប្រឹងប្រែងដើម្បីចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ ខេត្តព្រះវិហារឲ្យមានការរីកចម្រើនថ្មីៗបន្ថែមទៀត ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈរបស់គណបក្ស និងកម្មវិធីគោលនយោបាយ គោលការណ៍ទាំងឡាយរបស់គណបក្ស ដែលថ្នាក់កណ្ដាលបានដាក់ចុះឲ្យបានត្រឹមត្រូវ ម៉ឺងម៉ាត់។
ព្រមទាំងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ដោយឈរលើមាគ៌ារបស់បក្ស ដើម្បីត្រៀមការងារសំខាន់ៗ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ការបោះឆ្នាតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ និងការបោះឆ្នោតនៅអាណត្តិក្រោយៗទៀត ឱ្យទទួលបានលទ្ធផលជោគជ័យ។
លោក ម៉ៅ សុផាន់ ដែលទទួលបានប្រកាសតែងតាំងនាពឹលនេះ បានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលផ្តល់សេចក្តីទុកចិត្តតែងតាំងរូបលោកជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តព្រះវិហារ។ លោកក៏ថ្លែងនូវការកោតសរសើរដល់លោក មាស សុភា អតីតប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះវិហារ និងក្រុមការងារ ដែលបាអភិវឌ្ឍខេត្តព្រះវិហារឱ្យមានការរីកចម្រើនគ្រប់វិស័យ។
លោក ម៉ៅ សុផាន់ ក៏បានធ្វើការប្តេជ្ញាចិត្តចំនួន៧ចំណុចដូចខាងក្រោម៖
*ចូលរួមថែក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់សាធារណៈឱ្យបានរឹងមាំ មិនឱ្យកម្លាំងប្រឆាំងណាមកបំផ្លាញបានជាដាច់ខាត។*រក្សាកម្លាំងនយោបាយរបស់គណបក្ស ពង្រឹងការអភិវឌ្ឍន៍សតិអារម្មណ៍ ការងារចលនាមហាជននិងការចិញ្ចឹមចលនានៅមូលដ្ឋានឱ្យបានទូលំទូលាយ និងជ្រួតជ្រាបក្នុងជួរគណបក្សទាំងក្នុងជួរមហាជន។
*បន្តពង្រឹងគណៈកម្មាធិកាគណបក្សគ្រប់ថ្នាក់ មានរចនាសម្ព័ន្ធតាមគោលការណ៍ដែលបានកំណត់ និងពង្រឹងរបៀបរបបធ្វើការងារតាមការដឹកនាំរបស់បក្ស។
*សហការជាមួយគណបក្សខេត្ត គណបក្សមូលដ្ឋាន ជំរុញការអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ដោយជ្រកក្រោមម្លប់សន្តិភាព គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
*រួមគ្នាដោះស្រាយរាល់បញ្ហាប្រឈម និងជំរុញការផ្តល់សេវាសាធារណៈឱ្យបានឆាប់រហ័សជូនប្រជាពលរដ្ឋ ឱ្យស្របតាមគោលនយោបាយគណបក្សប្រជាជនកម្ពុជា។
*បន្តប្តេជ្ញាដណ្តើមជ័យជំនៈក្នុងការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុមប្រឹក្សា ស្រុក ខណ្ឌ នាពេលខាងមុខតាមយុទ្ធសាស្ត្ររបស់គណបក្ស បង្កើតប្រៀបឈ្នះរបស់គណបក្សក្នុងការបោះឆ្នោត។
*ប្តេជ្ញាពង្រឹងខឿនសាមគ្គីភាព ឯកភាព ក្នុងជួរក្រុមការងារជាមួយគណបក្សគ្រប់ថ្នាក់នៅមូលដ្ឋាន ពង្រឹងទស្សនៈ គោលជំហរ សកម្មភាព និងរបៀបរបបធ្វើការងារតាមគោលនយោបាយប្រមូលផ្តុំប្រជាធិបតេយ្យ ភាគតិចគោរពភាគច្រើន បុគ្គល គោរពសមូហភាព៕SKS