(ព្រះវិហារ)៖ លោកស្រី ហែម សុគុណពិសី ទីប្រឹក្សាក្រសួងព័ត៍មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានណែនាំដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តទាំងអស់ ត្រូវបង្កើនប្រសិទ្ធិភាពការងារ និងរួមគ្នាលើកកម្ពស់វិស័យព័ត៌មានឱ្យកាន់តែរីកចម្រើនថែមទៀត។
ការណែនាំបែបនេះរបស់លោកស្រី ហែម សុគុណពិសី បានធ្វើឡើងក្នុងឱកាសដែលលោកស្រីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣ និងលើកទិសដៅសកម្មភាពការងារបន្ដសម្រាប់ខែមករា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក លោកស្រីអនុប្រធានមន្ទីរ ប្រធាន អនុប្រធាន ការិយាល័យទាំង៥ រួមនិងមន្ដ្រីរាជការ មន្ដ្រីកិច្ចសន្យាជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤។
នាឱកាសនោះដែរ ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្រ្តីនៃការិយាល័យទាំង៥ ដែលក្នុងរយៈពេល២ខែកន្លងមកនេះ បានខិតខំប្រឹងប្រែងបំពេញការងារតាមជំនាញរបស់ខ្លួន បើទោះបីមិនបានល្អឥតខ្ចោះក៏ចាត់ទុកថាជាលទ្ធផលមួយដែលល្អ ប្រកបដោយការយ៉ាងយកចិត្តទុកដាក់ និងទទួលខុសត្រូវ។
លោកស្រីបានជំរុញបន្ថែមដល់មន្រ្តីទាំងអស់ ត្រូវមានឆន្ទៈខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញ និងបង្កើនប្រសិទ្ធភាពការងាររបស់ខ្លួន ពិសេសត្រូវរួបរួមសហការគ្នាធ្វើយ៉ាងណាលើកកម្ពស់វិស័យព័ត៌មានឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លើសពីនេះលោកស្រី ហែម សុគុណពិសី ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងមន្ដ្រីរាជការ មន្ដ្រីកិច្ចសន្យាទាំងអស់ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវវិន័យ និងរបៀបរបបការងារឱ្យបានល្អប្រសើរ ពិសេសត្រូវធ្វើខ្លួនជាមន្ដ្រីទ្រព្យពុំគួរធ្វើជាមន្ដ្រីបំណុល ឬជាមន្ដ្រីជើងច្រើននោះទេ៕SKS