ខេត្តប៉ៃលិន ៖ អយ្យការអមសាលាដំបូងខេត្តប៉ៃលិនប្តឹងឧទ្ធរណ៍លើករណីប្រធានសាលាដំបូងខេត្តប៉ៃលិន ដោះលែងជនសង្ស័យជនជាតិថៃពីបទរំលោភសេពសន្ថវ:ទៅលើនារីរងគ្រោះ ខណ:ដែលនារីរងគ្រោះ លើកឡើងថា ការដោះលែងជនសង្ស័យ ជារឿងអយុត្តិធម៌បំផុតសម្រាប់រូបនាង។
លោក សេង គឹមឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានដាក់បណ្ដឹងឧទ្ធរណ៍នឹងដីកាសម្រេចមិនឃុំខ្លួនលេខ ៧៨៨ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ លើឈ្មោះ សីលប៉ាក់ កាន់នុកផុន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិថៃ របស់លោកគឹម ម៉េង ប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន ។
ប្រភពបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងខេត្តប៉ៃលិន បានបើកការស៊ើបសួរលើជនត្រូវចោទឈ្មោះ សីលប៉ាក់ កាន់នុកផុន ភេទប្រុស ជនជាតិថៃ ពីបទរំលោភសេពសន្ថវៈ ប្រព្រឹត្តនៅព្រះរាជាណាចក្រថៃ កាលពីអំឡុង ខែមេសា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ តាមដីកា សន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ១៩០ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ លោកគឹម ម៉េង ប្រធាន និងជា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តប៉ៃលិន បានសម្រេចមិនឃុំខ្លួនលើឈ្មោះ សីលប៉ាក់ កាន់នុកផុន ទៅវិញ។
យោងតាមពាក្យបណ្តឹងឧទ្ធណ៍របស់ព្រះអាជ្ញាសាលាដំបូងខេត្តប៉ៃលិន បានលើកឡើងថា តាមការពិនិត្យសំណុំរឿងបង្ហាញថា អង្គហេតុដែលចោទប្រកាន់នេះជាបទឧក្រិដ្ឋ មានភាពធ្ងន់ធ្ងរ ព្យសនកម្មដែលទទួលរង ដោយសារបទល្មើសក៏មានលក្ខណៈធ្ងន់ធ្ងរ។ ក្រោយការប្រព្រឹត្តបទល្មើស ជនត្រូវចោទមិនមានចេតនាសុចរិតក្នុងការដោះស្រាយសំណងជូនជនរងគ្រោះឡើយ ។ ការសម្រេចមិនឃុំខ្លួនជនត្រូវចោទ អាចនឹងបណ្តាលឱ្យមានការលំបាកក្នុងការស៊ើបសួរស្វែងរកការពិត និងការផ្តល់យុត្តិធម៌ជូនជនរងគ្រោះ។ ការសម្រេចមិនឃុំខ្លួនជនត្រូវចោទ អាចបណ្តាលឱ្យមានបទល្មើសកើតឡើងសារជាថ្មី ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ កិត្តិយសសេចក្តីថ្លៃថ្នូរបុគ្គល ជាក់ជាមិនខាន។
ពាក្យបណ្តឹងឧទ្ធណ៍របស់ព្រះអាជ្ញាសាលាដំបូងខេត្តប៉ៃលិន បានបញ្ជាក់ថា ជារួមផ្អែកតាមសំអាងខាងលើនេះ បញ្ជាក់ថា ដីកាសម្រេចមិនឃុំខ្លួនខាងលើ មិនមានមូលហេតុត្រឹមត្រូវតាមច្បាប់ ដែលគប្បីសភាស៊ើបសួរនៃសាលាឧទ្ធរណ៍ សម្រេចបដិសេធចោល និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនលើ ជនត្រូវចោទ ឈ្មោះ សីលប៉ាក់ កាន់នុកផុន តាមនីតិវិធី។
យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ បានឱ្យដឹងថា នាងបានដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងខេត្តប៉ៃលិន សុំប្តឹងពីឈ្មោះ សីលប៉ាក់ កាន់នុកផុន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិថៃ ពីបទរំលោភសេពសន្ថវៈ ”ប្រព្រឹត្តនៅខេត្តប៉ៃលិន និងនៅប្រទេសថៃ កាលពីអំឡុងខែមេសា ឆ្នាំ២០២៣ ។
នាងបានរៀបរាប់ក្នុងពាក្យបណ្តឹងទៀតថា កាលពីអំឡុងចុងឆ្នាំ២០២២ នាង និងឈ្មោះ សីលប៉ាក់ កាន់នុកផុន ភេទប្រុស បានស្គាល់គ្នាតាមពូរបស់នាង។ ក្រោយមកជនសង្ស័យ និងនាង មានទំនាក់ទំនងស្នេហានឹងគ្នា។
ស្រាប់តែក្រោយមកជនជាតិថៃរូបនេះ តែងតែបង្ខំនាងច្រើនលើកច្រើនសារ ឱ្យនាងរួមភេទជាមួយតែនាងមិនព្រម។ លុះនៅអំឡុងខែមេសា ឆ្នាំ២០២៣ បុរសរូបនេះ បានកុហកនាងថា នាំទៅលេងឪពុកម្តាយខ្លួននៅឯប្រទេសថៃ។ ពេលទៅដល់ប្រទេសថៃ ជនសង្ស័យ មិនបាននាំនាងទៅលេងឪពុកម្តាយនោះទេ។ បែរជានាំនាងទៅកាន់កន្លែងផ្សេង ហើយបានបង្ខំនាងរួមភេទជាមួយរហូតបានសម្រេច១លើក។ ពេលរួមភេទរួចហើយ រូបគេបានសន្យាថា នឹងទទួលខុសត្រូវលើនាង ហើយនឹងចូលស្តីដណ្តឹងតាមប្រពៃណី។ តែរហូតមកដល់ពេលបច្ចុប្បន្ននេះ ជនសង្ស័យ បានគេចវេសពីនាង ហើយមិនព្រមចូលខ្លួនមកដោះស្រាយជាមួយនាង ទើបនាងកើតទុក្ខមិនសុខចិត្តក៏សម្រេចដាក់ពាក្យបណ្តឹងតែម្ដង។
ក្នុងពាក្យបណ្តឹងនាងទាមទារសំណងជម្ងឺចិត្តនិងថ្លៃខូចខាតចំនួន៣០,០០០$ (បីម៉ឺនដុល្លារ) អាមេរិក ព្រមទាំងសូមឱ្យតុលាការចាត់ការទៅតាមផ្លូវច្បាប់។ នាងបញ្ជាក់ថា អ្វីដែលនាងហួសចិត្តបំផុត និងទទួលរងភាពអយុត្តិធម៌គឺ ខាងប្រធានសាលាដំបូងខេត្តប៉ៃលិន បានដោះលែងជនសង្ស័យ ក្រោយពីព្រះរាជអាជ្ញាធរចេញដីកាឃុំខ្លួនរួចមក។ នាងក៏សំណូមពរឱ្យខាងថ្នាក់លើ និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ជួយរកយុត្តិធម៌ដល់នាងផងដែរ។
ពាក់ព័ន្ធទៅនឹងករណីនេះ លោក គឹម ម៉េង ប្រធានសាលាដំបូងខេត្តប៉ៃលិន បានឱ្យដឹងកាលពីវេលាម៉ោង៩ និង០២នាទីព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៤នេះថា សូមឱ្យទាក់ទងទៅខាងរដ្ឋបាល និងអ្នកនាំពាក្យនៃសាលាដំបូងខេត្តប៉ៃលិន។ ក្រោយមកភ្នាក់ងារយើងបានទាក់ទងទៅលោក ពិន សុខុម ប្រធានលេខាធិការដ្ឋាននៃសាលាដំបូងខេត្តប៉ៃលិន ដើម្បីសួរនាំដែរ ដោយទាក់ទងចូលជាច្រើន លើកច្រើនសារតែគ្មានអ្នកទទួល៕(ដោយ៖ រីយ៉ា)