អាវុធហត្ថស្រុកជាំក្សាន្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ និងថ្នាំញៀនចំនួន២៩កញ្ចប់.!

ព្រះវិហារ៖ កម្លាំងអាវុធហត្ថស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ សហការជាមួយកម្លាំងជំនាញការិយាល័យទី២ កងពលតូចអន្តរាគមន៍លេខ៨ ចុះបង្រ្កាបករណីរក្សាទុក និងចែកចាយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង ១៣:០០នាទី ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ត្រង់ចំណុច UTM ៤៥៤០៩៦ – ១៥៨៤១៩០ ស្តិតក្នុងភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ។

ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ទី១ឈ្មោះ សេង គឹមសឿន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទី២ឈ្មោះ ចាន់ វិច្ឆិកា ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីររស់នៅភូមិបង្គោល៨ ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

ក្នុងប្រតិបត្តិការនេះកម្លាំងបានចាប់យកវត្ថុតាងរួមមាន៖ ថ្នាំញៀនម៉ាទឹកកកចំនួន ២៦កញ្ចប់ ស្មើនឹង ៧៥,៦ក្រាម លុយខ្មែរចំនួន ២០០០០រៀល ព្រមជាមួយសំភារៈសំរាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

សូមបញ្ជាក់ជូនផងដែរថា បន្ទាប់ពីកម្លាំងជំនាញឃាត់ខ្លួន ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនគេបានទិញថ្នាំញៀននេះមកពីឈ្មោះ អិច លុះទទួលបានចម្លើយ កម្លាំងបានបន្តប្រតិបត្តិការចុះទៅបង្ក្រាបមួយកន្លែងទៀត នៅចំណុច UTM ៤៤៨១៦៦ – ១៥៨៣៩៤២ វេលាម៉ោង ១៣:២០នាទី ស្តិតក្នុងភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។

កម្លាំងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ កាំង សុខឃាង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវជាកូនជនជាប់សង្ស័យឈ្មោះអិច បានរត់គេចខ្លួន រស់នៅភូមិឃុំខាងលើ និងចាប់យកវត្ថុតាងបានមួយចំនួនរួមមាន៖ ១.ថ្នាំញៀនម៉ាទឹកកកចំនួន ៣កញ្ចប់ ស្មើនឹង ៩៤៧,២ក្រាម, ២.ជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន ១គ្រឿង, ៣.ម៉ូតូចំនួន ១គ្រឿង ម៉ាកវេវ ពណ៌ខ្មៅ គ្មានស្លាកលេខ, ៤.សំភារៈសំរាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្ន ចំពោះជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ កម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ដ កំពុងកសាងសំនុំរឿង និងបញ្ជូនទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធីទៅតុលាការ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *