កោះកុង៖ អតីតលោកអធិការស្រុកស្រែអំបិល គប់គិតជាមួយមេឃុំស្រែអំបិល លេបយកដីដែលពលរដ្ឋបរិច្ចាគសម្រាប់សាងសង់ប៉ុស្តិ៍នគរបាលស្រែអំបិលជាកម្មសិទ្ធផ្ទាល់ខ្លួន ។
តាមប្រភពពីមន្រ្តីនគបាលស្រុកស្រែអំបិល បានឲ្យដឹងថា កន្លងមក លោក កែវ សុខ មេឃុំស្រែអំបិល បានបង្កើតក្រុមការងារចុះសម្របសម្រួលសុំដីរដ្ឋពីពលរដ្ឋកាន់កាប់ ៧ម៉ែត្រ តាមសំណើចង់បានពីលោក ព្រំ ឆើយ មេប៉ុស្តិ៍ និងលោក ហួន នុន អធិការស្រុក ដើម្បីពង្រីកធ្វើស្នាក់ការប៉ុសិ៍្តនគរបាលស្រែអំបិល តាមស្តង់ដាររបស់ក្រសួងមហាផ្ទៃ។
លោក ឆោម សុភា អាយុ ៤៤ ឆ្នាំ ជាម្ចាស់ដី បានលើកឡើងថា ដោយយល់ឃើញអាជ្ញាធរ និងក្រុមការងារស្នើសុំដីនេះទុកជាសម្បត្តិរដ្ឋនិងជាប្រយោជន៍រួមមិនជូនឲ្យទៅបុគ្គល ពលរដ្ឋក៏បានបរិច្ចាកជូន ទទឹង៧ម៉ែតបណ្តោយ១៥ម៉ែត ជូនរដ្ឋទៅ ។
ប្រភព បានបន្ថែមថា ពេលចាក់បំពេញអាចម៍រួច បែជាលោកមេឃុំ កែវ សុខ ធ្វើឯកសារស៊ីញ៉េកាត់ដី៧ម៉ែតនោះឲ្យទៅលោក ហួន នុន អធិការស្រុកធ្វើជាកម្មសិទ្ធិ សម្រាប់ធ្វើផ្ទះស្នាក់នៅផ្ទាល់ខ្លួនទៅវិញ ។
នេះលោកមេឃុំ កែវ សុខ បង្កើតក្រុមការងារថ្នាក់ឃុំសុំដីរដ្ឋពីប្រជាពលរដ្ឋកាន់កាប់មិនមែនទុកជាសម្បតិ្តរួមរបស់រដ្ឋទេ គឺប្រើល្បិចកុហកប្រជាពលរដ្ឋតាមការចង់បានជាកម្មសិទ្ធិផ្ទាល់ខ្លួនរបស់លោក ហួន នុន អតីត:អធិការស្រុកស្រែអំបិលនេះឯង។
ផ្ទះលោកអតីតអធិការស្រុកស្រែអំបិលកំពុងសាងសង់ដីប៉ុស្តិ៍ស្រែអំបិល
យោងតាម លោក ឆោម សុភា អាយុ ៤៤ ឆ្នាំ ជាម្ចាស់ដី បានបំភ្លឺថា លោកបាទមានដីមួយកន្លែងនៅចំណុចរណ្ដៅជ័រ ក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិលខេត្តកោះកុង មានព្រំប្រទល់ជាប់ ខាងជើងជាប់ដីដៃព្រែករណ្តៅជ័រ ខាងត្បូងជាប់ផ្លូវបេតុង ខាងលិចជាប់ដីលោក គង់ សារ៉ាវុឌ្ឍ ខាងកើតជាប់ដីបំរុងរបស់រដ្ឋបាលឃុំស្រែអំបិល ប្រហែលនៅឆ្នាំ 2020 ឬ 2021លោកវរសេនីយ៍ឯក ហួន នុន អធិការស្រុកស្រែអំបិល លោកវរសេនីយ៍ត្រីព្រំ ឆើយ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល លោក កែវ សុខ មេឃុំស្រែអំបិល លោកស្រី កឹម ផល្លា ក្រុមប្រឹក្សាឃុំស្រែអំបិល លោកស្រីតឿង សួរ មីភូមិត្រពាំង លោក រ័ត្ន តាក់ មេក្រុម អ្នកសារព័ត៌មានពីនាក់ និងមន្ត្រីប៉ុស្តិ៍មួយចំនួនបានមកសុំសម្របសម្រួលជាមួយខ្ញុំបាទ ដើម្បីសម្បទានដីមួយចំណែក ទុក្ខសម្រាប់សាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល ពីព្រោះអាជ្ញាធរភូមិឃុំបានបរិច្ចាគដីបំរុងរបស់ឃុំរួចហើយ ប៉ុន្តែទំហំដីបម្រុងនេះមានទំហំតូច មិនគ្រប់តាមស្តង់ដាររបស់ក្រសួងមហាផ្ទៃក្នុងការសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាល ហេតុដូច្នេះអាជ្ញាធរភូមិឃុំ និងសមត្ថកិច្ចពាក់ព័ន្ធបានមកស្នើសុំដីរបស់លោកទំហំ ទទឹង៧ម៉ែត្របណ្តោយ១៧ម៉ែត្រ ដើម្បីបង្គ្រប់ទំហំនិងខ្នាត ទៅតាមស្តង់ដារបស់ក្រសួងមហាផ្ទៃ បានកំណត់ ក្រោយពីខ្ញុំបាទបានឯកភាពប្រគល់ដីជូនក្រុមការងារតាមសំណើ ។
បន្ទាប់ពីបានដីហើយ លោក ហួន នុន អធិការស្រុកក៏បានគៀងគររកសប្បុរសជន ក្នុងការចាក់បំពេញអាចម៍ដី ដើម្បីសាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល លុះពេលចាក់បំពេញអាចម៍ដីរួចរាល់ លោក ហួន នុន អធិការស្រុកក៏បានចុះមកធ្វើការវាស់វែងដី ទុកសម្រាប់សាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រីអំបិលនោះជាពីរចំណែកដោយខ្លួនឯង ដោយមួយចំណែកធំយកទុកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។
លោកបន្តថា បច្ចុប្បន្នកំពុងសាងសង់លំនៅឋាន និងបានធ្វើរបងថ្មរួចជាស្រេច។ រីឯមួយចំណែកតូច ទុកធ្វើជាប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិលបច្ចុប្បន្នបានសង់ស្នាក់ការបណ្ដោះអាសន្នរួច ក្នុងនាមជាម្ចាស់ដី ដែលបានចូលរួមបរិច្ចាគដីសម្រាប់សាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិលគឺមិនពេញចិត្តនិងមិនឯកភាពនៅទង្វើរបស់លោក ហួន នុន អតីតៈអធិការស្រុកឡើយ ព្រោះគាត់បែរជាយកដីនេះមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ
ក្នុងនាមជាម្ចាស់ដី ដែលបានចូលរួមបរិច្ចាគដីសម្រាប់សាងសង់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែអំបិល សូមឯកភាពទុកជាសម្បត្តិរដ្ឋតែប៉ុណ្ណោះ មិនប្រគល់ជូនបុគ្គលឡើយ៕