កំពង់ធំ.ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អំពាវនាវដល់អ្នកនេសាទ និងប្រជាជនដែលរស់នៅក្បែរបឹងទន្លេសាប សូមមេត្តាយកចិត្តទុកដាក់ ចំពោះគ្រប់សកម្មភាពដែលអាចបង្ក.មហន្តរាយដល់ព្រៃលិចទឹក និងត្រីដែលរស់នៅទីនោះ។ បើមិនដូច្នោះទេ យើងនឹងធ្វើឱ្យបឹងទន្លេសាប ក្លាយទៅជាបឹងដែលសម្បូរតែអ្នកនេសាទ តែខ្សត់ត្រីមិនខាន ជាពិសេស សូមចូលរួមទាំងអស់គ្នា និងជួយទ្រទ្រង់ព្រៃលិចទឹក ដើម្បីការពារបរិមាណស្តុកត្រី និងរក្សាបឹងទន្លេសាបឲ្យបានល្អប្រសើរ។
ប្រសាសន៍ដ៏មានអត្ថន័យនេះ ថ្លែងនៅក្នុងពិធីចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៨៨៧គ្រួសារ នៅតំបន់បឹងទន្លេសាប ស្ថិតនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។
ឯកឧត្តម ងួន រតនៈ បានសំណូមពរឲ្យប្រជាពលរដ្ឋនេសាទទាំងអស់បញ្ឈប់ប្រើប្រាស់ឧបករណ៍ខុសច្បាប់គ្រប់ប្រភេទ និងមិនត្រូវកាប់ទន្ទ្រានព្រៃលិចទឹកបន្ថែមទៀតទេ ដោយមិនត្រូវផ្តោតសំខាន់តែការនេសាទតែមួយមុខនោះទេ យើងត្រូវងាកមករកមុខរបរបន្ថែម ដូចជាការធ្វើកសិកម្មដាំដំណាំរួមផ្សំ បន្ទាប់ពីទឹកស្រកទៅវិញ និងរៀនជំនាញបន្ថែម ដោយថ្មីៗនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ឱកាសដល់យុវជនទាំងអស់ដែលមានបំណងចង់បង្កើតមុខជំនាញ សូមអញ្ជើញចុះឈ្មោះចូលរៀននៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ មានចំនួន ៨ មុខជំនាញ រៀនដោយមិនការបង់ថ្លៃនោះទេ ហើយចំពោះ យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឲ្យចូលសិក្សាដោយឥតបង់ថ្លៃ ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភក្នុងម្នាក់ ២៨ម៉ឺនរៀលទៀតផង៕