យោធិនដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍ ឆ្នាំ២០២៣ នៃកងពលពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ ទទួលការបំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស

ព្រះវិហារ៖ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងកោតសរសើរដល់យោធិន ដែលត្រូវបានដាក់ឲ្យចូលសោធននិវត្តន៍ អំពីគំរូវីរភាពដ៏អង់អាចក្លាហាន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាពលរដ្ឋ និងការបន្សល់ទុកនូវសមិទ្ធផលធំៗ ដែលយោ   ធិនបានខិតខំអនុវត្តនាពេលកន្លងមក បើទោះបីពេលនេះ ត្រូវបានផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទាក្តី ។

ការថ្លែងរបស់លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានធ្វើឡើងក្នុងគ្រាដែលលោកឧត្តមសេនីយ៍ ត្រូវបានចាត់តាំង និងអញ្ជើញជាអធិបតី តំណាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជា ការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីបំពាក់ឋានន្តរសក្តិ និងបំពាក់គ្រឿងឥស្សរិយយស ជូនយោធិនដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍ ឆ្នាំ២០២៣  របស់កងពលពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍ចំណុះទាំង៣ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែង ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ដែលតែងតែគិតគូពីសុខទុក្ខរបស់កងទ័ពជានិច្ច តាមរយៈការលើកទឹកចិត្តដោយផ្ទាល់ និងពីចម្ងាយ ដល់យោធិន ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងការចូលរួមចំណែកអភិវឌ្ឍន៍លើគ្រប់វិស័យថែមទៀតផង។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានបន្តថា អ្វីដែលសំខាន់ជាងនេះ សម្តេចតែងបានយកចិត្តទុកដាក់ គិតគូ ទាំងស្មារតី សម្ភារៈ ថវិកា ចំពោះក្រុមគ្រួសារយោធិន ពលី មរណៈ យោធិនពិការ អតីតយុទ្ធជន ក៏ដូចជាគោលនយោបាយ សម្ភារៈ ថវិកាយ៉ាងសន្ធឹកសន្ធាប់ ជូនដលនាយទាហាន នាយទាហានរង និងពលទាហាន ធ្វើឱ្យពួកគាត់កាន់តែមានភាពជឿជាក់ ហ៊ានពលីជីវិត ដើម្បីបូរណភាពទឹកដីជូនជាតិ។

លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែង លើកទឹកចិត្តដល់យោធិន ដែលត្រូវផ្ទេរចេញពីក្របខ័ណ្ឌក្រសួងការពារជាតិ ទៅក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនិតិសម្បទា សូមបន្តចូលរួមថែរក្សាសុខសន្តិភាព ដែលយើងទាំងអស់គ្នាខិតខំប្រឹងប្រែងរក្សាបានមកដោយលំបាក ក្រោមនយោបាយឈ្នះឈ្នះ ឲ្យនៅស្ថិតស្ថេរយូរអង្វែងជាអមតៈ ។

គួរបញ្ជាក់ថា ចំពោះយោធិនដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍ សម្រាប់ឆ្នាំ២០២៣ របស់កងពលធំអន្តរាគមន៍លេខ៣ មានចំនួនសរុប ៩៥នាក់ ចាប់ពីថ្នាក់នាយចំណង់រហូតដល់ថ្នាក់ឧត្តមសេនីយ៍ត្រី ក្នុងនោះ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ចំនួន ១៧នាក់, កងពលតូចអន្តរាគមន៍លេខ៧ ចំនួន ១៨នាក់, កងពលតូចអន្តរាគមន៍លេខ៨ ចំនួន ៣១នាក់, និងកងពលតូចអន្តរាគមន៍លេខ៩ ចំនួន ២៩នាក់ ។

ចំពោះយោធិនដែលត្រូវចូលសោធននិវត្តន៍ ទាំង ៩៥នាក់ ម្នាក់ៗទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត នូវថវិកា ៣០ម៉ឺនរៀល ក្នុងនោះថវិកា លោកឧត្តមសេនីយ៍ឯក ស្រី ឌឹក ចំនួន ១០ម៉ឺនរៀល ផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *