អាវរងារអំណោយរបស់សម្តេចតេជោ និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត បានផ្ដល់ ចែកជូនដល់កងកម្លាំងបណ្ដាអង្គភាពចំណុះទិសទី១ ប្រាសាទព្រះវិហារ

ព្រះវិហារ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ មេបញ្ជាការរងកងទ័ពជើងគោក នៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអាវរងារ ដែល​ជា​អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដល់កងកម្លាំងបណ្ដាអង្គភាពចំណុះទិសទី១ប្រាសាទព្រះវិហារ។

ពិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង តំណាងអង្គភាព ស្ថាប័ន និងកងកម្លាំងជាច្រើនរូបទៀត ដែលពិធីនេះធ្វើឡើងនៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានលើក ឡើង​អំពីសភាពការណ៍ទូទៅ នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែន កម្ពុជា- ថៃ-ឡាវ ដែលគណៈ បញ្ជាការឯកភាពទិសទី១ទទួលខុសត្រូវ ​រហូតមកដល់ពេលនេះហាក់មានសភាពស្ងប់ស្ងាត់ ធម្មតា បើទោះបីកន្លងមក ធ្លាប់មានសកម្មភាពមិនប្រក្រតីខ្លះៗ បានកើតឡើងយ៉ាងណាក្តី តែភាគី ទាំងសងខាង ​បានព្យាយាមរួមគ្នាដោះស្រាយដោយសន្តិវិធី និង​បញ្ចៀស​បានរាល់សកម្មភាព ទាំងឡាយណា​ ដែលនាំអោយឈានទៅរកការប្រឈមមុខគ្នាដោយប្រដាប់អាវុធ។

ជាមួយនេះ បណ្តាអង្គភាពជួរមុខទាំងអស់ ​បាននឹងកំពុងអនុវត្តបានយ៉ាងមានប្រសិទ្ធភាពនូវ​យុទ្ធសាស្ត្រ សំខាន់ៗ ទាក់ទងនឹងបញ្ហាព្រំដែន បន្តអនុវត្តចក្ខុវិស័យ​ប្រែក្លាយ​អតីតតំបន់ប្រយុទ្ធ​មកជាតំបន់ អភិវឌ្ឍន៍ពីសមរភូមិ ទៅជាទីផ្សារ ពីស្នូរគ្រាប់កាំភ្លើង ​ទៅជាកន្លែងសូត្រធម៌ ស្តាប់ភ្លេង ស្តាប់ចម្រៀងពីតំបន់គ្រោះថ្នាក់ ឱ្យ​ទៅជាតំបន់ទេសចរណ៍​ និងកសាងខ្សែបន្ទាត់ព្រំដែន ​ជាមួយ ប្រទេសជិតខាង ​ឱ្យទៅជាខ្សែព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ ​និងមានការអភិវឌ្ឍ លើគ្រប់វិស័យ។

នាឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បាននាំយកនូវការសួរសុខទុក្ខ និង​សេចក្តីនឹករលឹកពីសម្តេចទាំងទ្វេ និងថ្លែងអំណរគុណ ព្រមទាំងកោត សរសើរ ដល់កងកម្លាំង​ប្រដាប់អាវុធទាំងអស់ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែន ​ហើយបាន ខិតខំ​បំពេញ​ភារកិច្ច​របស់ខ្លួនជូនជាតិមាតុភូមិ ដោយបង្ហាញនូវភាពម៉ឺងម៉ាត់ក្នុងការថែរក្សា សន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី និងបានបន្តចូលរួមយ៉ាងសកម្មក្នុងការជួយ សង្រ្គោះប្រជាពលរដ្ឋ នក្នុងស្ថានការណ៍គ្រោះមហន្តរាយនានា។

ឯកឧត្ដម បានលើកទឹកចិត្តឱ្យបន្តរក្សាស្មារតីសេ្នហាជាតិ សាសនា ​ព្រះមហាក្សត្រ និង ការពារ​សុខសន្តិភាពឱ្យបានស្ថិតស្ថេរយូរអង្វែង ​ហើយបន្តវេនពីមួយជំនាន់ទៅមួយជំនាន់​ ដើម្បី ថែរក្សា​នូវសមិទ្ធផលនានា ​ដែលបុព្វបុរសជំនាន់មុនៗបានបង្កើត ​និងបន្សល់ទុកអោយជំនាន់ក្រោយ។

ឯកឧត្តម ​បានលើកឡើងថា ​សុខសន្តិភាព​ ប្រៀបបានទៅនឹងខ្យល់​ដង្ហើម ​ដែល មនុស្ស​ទាមទារជាចាំបាច់ក្នុងការរស់រានមានជីវិត​ ព្រោះថា​សង្គ្រាម​ ការបាក់បែក ​នឹងចូលខ្លួនមក ជំនួស​បើអវត្តមានសន្តិភាព ​ដូច្នេះសូមកងកម្លាំងប្រដាប់អាវុធដែលជាកម្លាំងជួរមុខ ​បន្តការពារ និង​ថែរក្សានូវសុខសន្តិភាព​ ដែលយើងមានសព្វថ្ងៃអោយបានគង់វង្ស៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *