បេក្ខជនប្រឡងបាក់ឌុបមានផ្ទះឆ្ងាយមណ្ឌលប្រឡង ទទួលស្នាក់នៅផ្ទះសំណាក់គ្រូ ដោយឥតគិតថ្លៃពីលោកជំទាវអភិបាលខេត្តប៉ៃលិន រហូតដល់៩៨នាក់ ធ្វើឱ្យឪពុកម្តាយខ្លះស្រក់ទឹកភ្នែករំភើបខ្លាំងពេក

ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឪពុកម្តាយ និងអាណាព្យាបាលរបស់សិស្សានុសិស្សប្រមាណ៩៨នាក់ ជាបេក្ខជនប្រឡងបាក់ឌុប ឆ្នាំសិក្សា២០២២-២០២៣ ដែលមានផ្ទះនៅឆ្ងាយពីមណ្ឌលប្រឡង អ្នកខ្លះបានស្រក់ទឹកភ្នែក ដោយលើកឡើងកោតសរសើរលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន មិនដាច់ពីមាត់ថា លោកជំទាវជាថ្នាក់ដឹកនាំខេត្តគ្មានពីរក្នុងប្រទេសកម្ពុជា បានលះបង់ខ្ពស់ គួរឱ្យគោរពស្រឡាញ់ ខណ:ទទួលកូនចៅរបស់ពួកគាត់ឱ្យស្នាក់នៅក្នុងផ្ទះសំណាក់គ្រូបង្រៀន ដោយឥតគិតថ្លៃហើយ ថែមទាំងផ្គត់ផ្គង់ម្ហូបអាហារ៣ពេល ដូចកូនចៅរបស់លោកជំទាវបង្កើត រហូតដល់ប្រឡងចប់ បើគិតជាថវិកាមិនអស់តិចតួចនោះទេ។

បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ ឡូញ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានឱ្យភ្នាក់ងារយើងដឹងថា ៖ កូនស្រីពៅរបស់គាត់ ត្រូវប្រឡងថ្នាក់ទី១២ឆ្នាំនេះ។ ដោយសារតែផ្ទះនៅឆ្ងាយពីមណ្ឌលប្រឡង លំបាកក្នុងការធ្វើដំណើរទៅមក ណាមួយជីវភាពខ្វះខាត ត្រូវបានក្រុមការងារលោកជំទាវអភិបាលខេត្ត ទទួលរៀបចំចាត់ចែងឱ្យស្នាក់នៅក្នុងផ្ទះសំណាក់គ្រូបង្រៀ ន ដែលមានទីតាំងស្ថិតនៅក្នុងភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដោយឥតគិតថ្លៃ ហើយថែមទាំងផ្តល់ម្ហូបអាហារ៣ពេល គឺព្រឹក ថ្ងៃ និងល្ងាច។ លោកបន្តទៀតថា បើសង្កេតមើលទៅលោកជំទាវ ជាមនុស្សដែលមានចិត្តសប្បុរស គ្មាននរណាម្នាក់ហ៊ានលះបង់ដូចលោកជំទាវអភិបាលខេត្តប៉ៃលិ ននេះឡើយ ដែលធ្វើឱ្យគាត់រំភើប ហើយអរខ្លាំងពន់ពេករហូតដល់លួចស្រក់ទឹកភ្នែក ព្រោះមិនដឹងជារកពាក្យអ្វីទៅនិយាយអរគុណដល់លោកជំទាវអភិបាលខេត្តនោះឡើយ ហើយបើសិនជាគ្មានការទំនុកបម្រុងពីលោកជំទាវទេ កូនរបស់គាត់ និងកូនចៅប្រជាពលរដ្ឋផ្សេងៗទៀត ត្រូវចំណាយលុយអស់ច្រើន ខណ:ដែលពួកគាត់មួយចំនួនមិនសូវមានថវិកាគ្រប់គ្រាន់នោះទេ។ លោកក៏សូមជូនពរលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងក្រុមការងារមានសេចក្តីសុខគ្រប់ៗ គ្នា ហើយកម្លាំងមាំមួន ទទួលបានជោគជ័យគ្រប់ភារកិច្ច។

ចំណែកលោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តប៉ៃលិន បានឱ្យដឹងថា ៖ នៅឆ្នាំនេះ នៅក្នុងខេត្តប៉ៃលិន មានពីរមណ្ឌល ទី១. មណ្ឌលវិទ្យាសាស្ត្រ១មណ្ឌល មាន៦បន្ទប់ ទី២. មណ្ឌលសង្គម ចំនួន២០បន្ទប់ មានបេក្ខជនសរុបទាំងអស់ចំនួន៦៤០នាក់ ដែលក្នុងនោះមានគណ:កម្មការ សមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ដែលមាននគរបាលស្នងការខេត្ត កងរាជអាវុធហត្ថ ខាងមន្ទីរសុខាភិបាល ហើយនឹងគណកម្មការមណ្ឌលសំណេរទាំងអស់២៣១នាក់។ លោកបន្តទៀតថា ការរៀបចំបានល្អបែបនេះ គឺដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលបានចាត់ចែង យ៉ាងយកចិត្តទុកដាក់បំផុត។ ម្យ៉ាងវិញទៀត លោកជំទាវ បានចាត់ចែងឱ្យមានការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងមណ្ឌលប្រឡងទាំងមូល ហើយមិនតែប៉ុណ្ណោះ ក៏បានជួយឧបត្ថម្ភទៅលើការស្នាក់នៅរបស់បេក្ខជនប្រឡង ដែលធ្វើដំណើរមកពីតំបន់ឆ្ងាយ គឺស្រុកសាលាក្រៅ រហូតដល់៩៨នាក់ ដោយទទួលអាហារឥតគិតថ្លៃ៣ពេលក្នុង១ថ្ងៃ ទទួលរៀបចំទុកដាក់ម៉ូតូ ដោយមិនយកកម្រៃ។ លើសពីនេះ ក៏មានក្រុមគ្រូពេទ្យ បានយកចិត្តទុកដាក់ទាំងនៅកន្លែងស្នាក់នៅ និងនៅមណ្ឌលប្រឡង ដើម្បីត្រៀមចាំពិនិត្យសុខភាព បេក្ខជនទាំងថ្ងៃ ទាំងយប់ផងដែរ។ លោកបញ្ជាក់ថា ការប្រឡងនៅថ្ងៃទី១នេះ បានប្រព្រឹត្តទៅយ៉ាងរលូន មិនមានបញ្ហាអ្វីកើតឡើងនោះទេ ដោយបេក្ខជនមិនទាន់មានបញ្ហាសុខភាពអ្វីគួរឱ្យព្រួយបារម្ភដែរ។ ចំណែកអាកាសធាតុក៏ល្អប្រសើរ ដោយអ្វីៗ គឺដំណើរការយ៉ាងសកម្មទៅព្រមគ្នាតែម្តង៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *