ខេត្តបាត់ដំបង៖ គ្រូពេទ្យឆ្មបមធ្យមម្នាក់ ត្រូវនគរបាលស្រុកសំពៅលូនធ្វើការឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារស្ត្រីរងគ្រោះ ដោយសារតែពេទ្យឆ្មបមធ្យមរូបនេះ បានធ្វើការរំលូតកូនបណ្តាលស្ត្រីម្នាក់ស្លាប់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ៣ និង ១០ នាទី រសៀល នៅចំណុចក្រុមទី៧ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ជនរងគ្រោះឈ្មោះ ស៊ូ ម៉ាឡៃ ភេទស្រី អាយុ ៣៦ ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្ន ភូមិអូរប្រើស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
តាមសមត្ថកិច្ច បានឲ្យដឹងថា ពេទ្យឆ្មបដែលត្រូវឃាត់ខ្លួនឈ្មោះ ធឿន នឿន ហៅ ណាក់ ភេទស្រី អាយុ ៥២ ឆ្នាំ មានទីលំនៅ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង បានធ្វើសកម្មភាព រំលូតកូនជនរងគ្រោះក្នុងផ្ទៃដែលមានអាយុ ៥ សប្តាហ៍ ដោយការប្រើទុយោបូបយកកូនចេញ ហើយជនរងគ្រោះ មានសភាពធ្ងន់ធ្ងរ បញ្ចូនទៅព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកស្រុកសំពៅលូន នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ និងបញ្ជូនព្យាបាលជម្ងឺបន្តនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង ដោយជនរងគ្រោះមានសភាពយ៉ាប់យ៉ឺនខ្លាំងរហូតដល់ថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៣ និង ៥០ នាទី ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង តែម្តង ។
បន្ទាប់ពីទទួលបណ្ដឹងពីសាច់ញាតិដែលត្រូវជាបងបង្កើតជនរងគ្រោះរួចមក នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១០ និង ៣២ នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា បានចុះទៅដល់ទីតាំងកន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យឈ្មោះ ធឿន នឿន ហៅ ណាក់ ភេទស្រី អាយុ ៥២ ឆ្នាំ មុខរបរពេទ្យឆ្មបមធ្យម បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕