ប្រជុំ បូកសរុបលទ្ធផលការងារយោធា សន្តិសុខ ប្រចាំខែកញ្ញា និងទិសដៅអនុវត្ដបន្ដ ប្រចាំខែតុលា ឆ្នាំ២០២៣របស់ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី​ ២៤​ ខែតុលា​ ឆ្នាំ​២០២៣​ នៅទីបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងព្រះវិហារ​ បានរៀបចំកិច្ចប្រជុំ​ បូកសរុប​លទ្ធផល​ការងារ​យោធា​ សន្តិសុខ​ ប្រចាំខែកញ្ញា​ និងទិសដៅអនុវត្ដបន្ដ​ ប្រចាំខែតុលា​ ឆ្នាំ​២០២៣​ ក្រោម​អធិបតី​ភាព​ ឯកឧត្ដម​ ឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​ តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ និងមានការអញ្ជើញចូលរួមពីសំណាក់​ លោកមេបញ្ជាការ​រង​ នាយសេនាធិការ​ លោកនាយសេនាធិការរង​ លោកនាយ​ការិយាល័យ​-ផ្នែក​ លោក​មេបញ្ជាការ​ក្រុង​-ស្រុក​ និងមេបញ្ជាការ វរសេ​នាតូចទាំងពីរ​ និងអង្គភាពចំណុះទីបញ្ជាការ។

​ នៅក្នុងកិច្ចប្រជុំ​​នោះដែរ​  ឯកឧត្ដម​ មេបញ្ជាការ​ បានមានប្រសាសន៍លើកឡើង អំពីសភាពការណ៍ជាតិ និងអន្តរជាតិថ្មីៗ និងផែនការរបស់ថ្នាក់លើប្រគល់ជូន ដល់នាយទាហាន នាយទាហានរង ពលទាហានទាំងអស់អោយបានជ្រាប​ និងបានបន្តដាក់បទបញ្ជាដល់បណ្តាកងឯកភាពដែលឈរជើងនៅជាប់តាមខ្សែបន្ទាត់ព្រំដែន​ កម្ពុជា- ថៃ-ឡាវ ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានម៉ឺងម៉ាត់ ជាម្ចាស់ការត្រួតពិនិត្យ និងដើរល្បាតឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការពារអោយបាននូវបូរណភាពទឹកដី និងទប់ស្កាត់អោយបាននូវរាល់បទល្មើសផ្សេងៗក្នុងដែនរបស់ខ្លួន។

​  ឯកឧត្ត​ម​ មេបញ្ជាការ បានធ្វើការកោតសរសើរដល់បណ្តាកងឯកភាពទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងបំពេញកិច្ចការងារបានយ៉ាងល្អនាពេលកន្លងមក​ និងបានផ្តាំផ្ញើដល់ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ សូមជៀសវាងអោយឆ្ងាយពីការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ​ តែបើអង្គភាពដឹងច្បាស់ថាបុគ្គលណាជាប់ពាក់ព័ន្ធនិងបណ្ដេញចេញពីអង្គភាពដោយស្វាយប្រវត្តតែម្ដង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *