ខេត្តព្រះវិហារ៖ ក្រុមប្រតិបត្តិការរុករក និងសង្គ្រោះ លេខ៧២១ កងពលធំអន្តរាគមន៍លេខ៣បើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញបច្ចេកទេសរុករក និងសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ។ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃ ទី២៤ ខែតុលា ឆ្នាំ២០២៣ក្រោមវត្តមាន លោកគីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ។យោងតាមសេចក្តីរាយការណ៍ របស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានលើកឡើងជូនគណៈអធិបតី ស្តីអំពីការខ្វះខាត ដល់អភិបាលខេត្ត លោកគីម រិទ្ធី បានជួយឧបត្ថម្ភឃ្លាំង១ខ្នង ធ្វើអំពីដែកប្រក់ស័ង្កសី ទំហំ៨×១២ម៉ែត្រ ក្រោមការចំណាយអស់ទឹកប្រាក់ប្រមាណ ៦៥០០ដុល្លាសហរដ្ឋអាមេរិច សម្រាប់ទុកដាក់សម្ភារៈ សង្គ្រោះគ្រោះមហន្តរាយ និង បន្ថែមនូវថវិកាចំនួន ១៤លានរៀល នៅក្នុងការផ្គត់ផ្គង់នៃដំណើរការបើកវគ្គ បណ្តុះបណ្តាលជំនាញបច្ចេកទេសរុករក និងសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ នេះផងដែរ។
លោក ឃុន សុខា អគ្គលេខាធិការរង គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានលើកឡើងថា៖ វគ្គបណ្តុះបណ្តាលស្តីពីជំនាញបច្ចេកទេសរុករក និងសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ ចាប់ដំណើរការរៀបចំឡើងក្រោមការសម្របសម្រួល ពីលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងការពារជាតិ និងមានការគាំទ្រថវិការពីប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តព្រះវិហារ លើការពង្រឹងសមត្ថភាពអោយបានល្អរប្រសើរក្នុងការបំពេញការងារជួយសង្គ្រោះប្រជាជនដែលជួបគ្រោះមហន្តរាយទឹក ជំនន់។ បន្ថែមលើសពីនេះសិក្ខាកាមមានឱកាសក្នុងការសម្របសម្រួលរវាងកងកម្លាំងរុករក និងសង្គ្រោះ និងផ្នែកស៊ីវិលផងដែរ។
អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោកគីម រិទ្ធី បានថ្លែងនូវការផ្តាំផ្ញើ ដល់សិក្ខាកាមទាំងអស់ ដោយធ្វើយ៉ាងណាខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងបទពិសោធន៍ថ្មីៗ នៅក្នុងអំឡុងពេលគណៈគ្រប់គ្រងវគ្គបានបណ្តុះបណ្តាល យកទៅបម្រើការងារ ចំគោលដៅ និងទាន់ពេលវេលា ឲ្យមានប្រសិទ្ឋភាព បច្ចេកទេសរុករក និងសង្គ្រោះ ប្រជាជនចេញពីកន្លែងគ្រោះមហន្តរាយ ទឹកជំនន់ និងកន្លែងផ្សេងៗទៀត ដែលកើតឡើងជាយថាហេតុ ឲ្យទទួលបាននូវលទ្ធិផលល្អប្រសើរ ៕SKS