កំពង់ធំ .នៅថ្ងៃចុងសប្តាហ៍នេះ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុច ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង និងជាប្រធានក្រុមការងារ ព្រមទាំងសហការរី បានចេញប្រតិបត្តិការល្បាតបង្រ្កាបបទល្មើសនេសាទនៅចំណុច ក្រោយវត្តកំពង់ចម្លង ទួលតាទី និងបឹងកំភ្លាញតូច ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរង និងជាប្រធានក្រុមការងារ បានចេញប្រតិបត្តិការទប់ស្កាត់បង្រ្កាបបទល្មើសនេសាទជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងនោះទទួលបានលទ្ធផលគឺ បង្ករសំណុំរឿងបាន ១ករណី÷ និងចុះរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន របាំងសាច់អួនប្រវែង១៥០០ម៉ែត្រ ឡុកចំនួន១០ គ្រឿង លប/លូចំនួន២០មាត់ បង្គោលចំនួនជាង១០០០ដើមចាក់លែងត្រីស្រស់ចំរុះទម្ងន់ជិត២០គីឡូចូលទន្លេវិញ។
លោកស្នងការរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការនេសាទដែលប្រើប្រាស់ជាលក្ខណៈទ្រង់ទ្រាយធំ និងហួសដែនកំណត់ ត្រូវមានការទទួលខុសត្រូវខ្ពស់ ចំពោះមុខរបររបស់ខ្លួននៅតាមទីតាំងនីមួយៗក្នុងប្រតិបត្តិការនោះសមត្ថកិច្ច ប្រើមធ្យោបាយការទូកណូតចំនួន ០៤គ្រឿង អស់ប្រេងជិត៩០លីត្រ កម្លាំងចូលរួមសរុបជិត២០នាក់៕