ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ កងទ័ព

ព្រះវិហារ៖ កាលពីព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខា ធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយ ទៅចែកជូននាយទាហាន និងពលទាហាន នៃកងវរសេនាតូចអន្តរាគមន៍លេខ៣៩៥ ចំណុះយោធភូមិភាគ៤ ព្រមទាំងនាយនគរបាល ពលនគរបាល នៃកងវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ១០៥ ដែលកំពុងប្រចាំការនៅតំបន់មុំបី ស្ថិតក្នុងភូមិសែនតេជះ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលនឹងឈានមកដល់នា ពេលខាងមុខនេះ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្ដមរដ្ឋលេខាធិការបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ សេចក្តី នឹករលឹក និងដឹងគុណយ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយក រដ្ឋមន្រ្ដី ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនកងកម្លាំងគ្រប់ជាន់ថ្នាក់ ទាំងអស់ ដែលកំពុងឈរជើងការពារព្រំដែននៅសមរភូមិមុខ ព្រមទាំងបានលះបង់កម្លាំងកាយ ចិត្ដ ពុះពារការលំបាក ក្នុងការខិតខំបំពេញភារកិច្ចរបស់ខ្លួនក្នុងបុព្វហេតុការពារជាតិមាតុភូមិ បូរណ ភាពទឹកដី អធិបតេយ្យជាតិ រក្សាសុខសន្ដិភាព និងស្ថិរភាពនយោបាយជូនប្រទេសកម្ពុជា និង ប្រជាជនកម្ពុជាទាំងមូល។

ឯកឧត្តមក៏បានជម្រាបជូនអំពីព្រឹត្តិការណ៍ និង សមិទ្ធផលសំខាន់ៗមួយចំនួនរបស់រាជរដ្ឋាភិបាល ជាពិសេសលើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងវិស័យការពារជាតិ ព្រមទាំងសមិទ្ធផលនាដើមនីតិកាលថ្មី ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ជាពិសេសការបំពេញបេសកកម្មក្រៅប្រទេសធំៗ ៣លើក ដោយបាននាំមកនូវជោគជ័យ ធំធេងទាំងផ្នែកការទូត នយោបាយ និងសេដ្ឋកិច្ច ជូនជាតិមាតុភូមិ និងប្រជាជន ព្រមទាំងលើក ស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ។

អំណោយដែលនាំមកជូននាពេលនោះរួមមាន៖ គ្រឿងបរិក្ខារបច្ចេកវិទ្យាព័ត៌មាន សម្ភារៈ ប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ និងជូនថវិកាក្នុងម្នាក់ៗ ចំនួន៥០,០០០រៀល អង្គភាពនីមួយៗចំនួន ២,០០០,០០០រៀល សរុបជាថវិកាប្រមាណ ២២១ លានរៀល៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *