ព្រះវិហារ៖. នៅព្រឹកថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំ នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បាននាំយកថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសពអតីតយុទ្ធជន និវត្តន៍ជន ស្ថិតនៅភូមិ មរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ដខេត្តព្រះវិហារ ។
ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានថ្លែងនូវការសោកស្ដាយចំពោះការបាត់បង់ជីវិត របស់យុទ្ធជនដែលមានឈ្មោះ ហូ សឿត ភេទស្រី អាយុ ៦២ឆ្នាំ ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានទទួលមរណៈភាពដោយរោគា ។
ហើយក្នុងពេលកន្លងមកដែលធ្លាប់មានគុណបំណាច់ចំពោះជាតិ មាតុភូមិ និងប្រជាជន ហើយសូមបួងសួងដល់វិញ្ញាណក្ខន្ឋលោក ស្រី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។
ជាមួយនេះផងដែរ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងមក សម្តេច លោកបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីដោះស្រាយនូវរាល់ការលំបាក ជូនដល់បងប្អូនអតីតយុទ្ធជនយើងមានដូចជា ការសម្រួលបើកប្រាក់បៀវត្សរ៍ប្រចាំខែមួយខែ២ ដងយ៉ាងទៀងទាត់ និងទាន់ពេលវេលា ការបែងចែកដីធ្លី ការសាងសង់ផ្ទះសម្បែងជូននិងការផ្ដល់នូវប័ណ្ណបេឡាជាតិសន្តិសុខសង្គម ជូនបងប្អូនអតីតយុទ្ធជន សម្រាប់ទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ ហើយនៅពេលដែលអតីតយុទ្ឋជនយើងទទួលមរណភាពគ្រួសារសពទទួលបានថវិកាបេឡាមរណសង្គ្រោះចំនួន៤.០០០.០០០រៀល សម្រាប់ធ្វើបុណ្យសព ទៀតផង ហើយសកម្មភាពនេះសម្ដេចមហា ធិបតី ហ៊ុនម៉ាណែត និងបន្តដឹកនាំឲ្យកាន់តែប្រសើរឡើងថែមទៀត៕