ព្រះវិហារ៖លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ តំណាង លោក គីម រិទ្ធី អភិបាលខេត្ត នៅរសៀលថ្ងៃទី១៨ខែសីហាឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាល និងបើកយុទ្ធនាការ ចុះវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនប្រជាពលរដ្ឋនៅតំបន់កូនភ្នំ ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនាឱកាសនោះ លោក អ៊ុង វុទ្ធី បានបញ្ជាក់ថា ភូមិភារកិច្ចកណ្ដាលនេះ កាលពីដើមគឺស្ថិតនៅក្នុងគម្រោងគម្របព្រៃឈើ របស់រដ្ឋបាលព្រៃឈើគ្រប់គ្រង តែមកដល់ពេលនេះប្រជាពលរដ្ឋរបស់យើងបានរស់នៅអាស្រ័យផលជាច្រើនគ្រួសារ ទើបរដ្ឋបាលខេត្ត បានស្នើសុំរាជរដ្ឋាភិបាល និងបានទទួលការអនុញាតិដើម្បីកាត់ឈ្វៀលដីចេញពីគម្រោងដីព្រៃរបស់រដ្ឋ និងធ្វើការវាស់វែងចេញប័ណ្ឌកម្មសិទ្ធជូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុង តំបន់កូនភ្នំ ភូមិភារកិច្ចនេះ។
ជាមួយគ្នានេះលោក អភិបាលរងខេត្តក៏បានសម្ដែងនូវការអបអរសាទរជាមួយប្រជាពលរដ្ឋទាំងអស់ ដែលទទួលបាននូវការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ រាជរដ្ឋាភិបាលដែលបានសម្រេចក្នុងការកាត់ឈ្វៀលដីជូនដល់បងប្អូននាពេលនេះ តាមការស្នើរសុំរបស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។
ក្នុងនោះលោក ក៏បានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់មេត្តាចុះកំណត់ និងដាក់ឩព្រំឲ្យបាន ច្បាស់លាស់ និងសហការជាមួយក្រុមការងារដើម្បីងាយស្រួលក្នុងការចុះវាស់វែងបន្ថែមពីនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះយោគយល់អធ្យាស្រ័យរវាងគ្នានិងគ្នា ដែលមានព្រំដី ជាប់គ្នាដើម្បីកុំឲ្យមានបញ្ហាក្នុងការវាស់វែង ពោលព្រំដីមានបញ្ហាគឺក្រុមការងារមិនអាចវាស់វែង ជូនបងប្អូនបានឡើយ។
លោកស្រី ស៊ឹម ចរិយា តំណាងប្រជាពលរដ្ឋរស់នៅក្នុងតំបន់កូនភ្នំ ភូមិភារកិច្ច សង្កាត់ប៉ាលហាល បានថ្លែងនូវការត្រេកអរយ៉ាងក្រៃលែងដែលសម្តេចតេជោនាយករដ្ឋមន្ត្រី សម្រេចកាត់ឈ្វាលដីចេញពីការគ្រប់គ្រងរបស់រដ្ឋ និងចេញបណ្ណកម្មសិទ្ធស្របច្បាប់ជូនប្រជាពលរដ្ឋ។ប្រជាពលរដ្ឋភូមិភារកិច្ចក៏សូមគោរពថ្លែងអំណរអរគុណដល់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដែលតែងតែគិតគូរយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ជួយដល់បងប្អូនប្រជាពលរដ្ឋរស់នៅទីនេះផ្ទាល់ ឱ្យទទួលបានសិទ្ធកាន់កាប់ប្រើប្រាស់លើដីធ្លីអាស្រ័យផលស្របច្បាប់។
ពិសេសសូមថ្លែងអំណរគុណ ដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូរពីជីវភាពនិងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋដោយមិនប្រកាន់និន្នាការនយោបាយឡើយ ហើយយើងខ្ញុំទាំងអស់គ្នាសូមគាំទ្រគណៈបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឈានទៅរកសុខសន្តិភាព មានការអភិវឌ្ឍនលើគ្រប់វិស័យជូនប្រជាពលរដ្ឋ៕