សៀមរាប៖ បន្ទាប់ពីមានការ ដាក់ឲ្យដំណើរការដេញថ្លៃលើគម្រោងមូលនិធិឃុំ សង្កាត់ រយៈពេលប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញការដេញថ្លៃរបស់ក្រុមហ៊ុនហាក់មានភាពមិនប្រក្រតី ដោយគេសង្កេតឃើញថា ក្រុមហ៊ុនដែលចូលរួមដេញថ្លៃទាំងនោះហាក់ដូចជាបានចរចារសហការគ្នាបានល្អ ដោយដេញថ្លៃមានចំនួនទឹកប្រាក់ខុសគ្នាបន្តិចបន្តួចតែប៉ុន្មាន ដែលជាហេតុធ្វើឲ្យខាតថវិការដ្ឋជាច្រើន។
តាមប្រភពពីម្ចាស់ក្រុមហ៊ុនដែលបានចូលរួមក្នុងការដេញថ្លៃឈ្មោះដែលស្នើសុំមិនឲ្យបញ្ចេញឈ្មោះ បានឲ្យដឹងថា ក្រុមហ៊ុនដេញនៅខេត្តសៀមរាបដែលចូលរួមដេញថ្លៃ បានរៀបចំចរចារគ្នាជាមុន ដោយរៀបចំចំនួនទឹកប្រាក់ប្រកិតប្រសងគ្នា មិនមានការប្រកួតប្រជែងតម្លៃគ្នាដូចខេត្តផ្សេងៗទៀតឡើយ។
ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅក្នុងស្រុកពួក មានការដេញថ្លៃជួសជុលផ្លូវក្នុងឃុំរើល មាន៤ក្រុមហ៊ុនចូលរួមដេញថ្លៃតម្លៃប៉ាន់ស្មានជាង១០៦លានរៀល ហើយតម្លៃដេញបានទៅលើក្រុមហ៊ុនអំ ឡូ ក្នុងចំនួនទឹកប្រាក់ចំនួនទឹកប្រាក់តែប្រមាន១០៥លានរៀលតែប៉ុណ្ណោះ ។ ចំំណែកក្រុមហ៊ុនបីទៀតដាក់ដេញថ្លៃតម្លៃប្រហែល១០៦លានរៀលតែប៉ុណ្ណោះ គឺខុសគ្នាតែបន្តិចបន្តួចតែប៉ុណ្ណោះ។ នៅជាមួយគ្នានេះដែរគម្រោងដេញថ្លៃជួសជុលផ្លូវក្រាលគ្រួសធម្មជាតិ នៅឃុំព្រៃជ្រូក មានក្រុមហ៊ុនចំនួន៥ទៅប្រកួតប្រជែងគ្នាដេញថ្លៃ តម្លៃប៉ាន់ស្មានមានចំនួនទឹកប្រាក់ជាង១២១លានរៀល តែចំនួនទឹកប្រាក់នៃការដេញថ្លៃបានទៅលើក្រុមហ៊ុន អំ ឡូ ដដែល ក្នុងចំនួនទឹកប្រាក់ជាង១២០លានរៀល។
បើតាមតារាងដេញថ្លៃ បានបង្ហាញថា ក្រុមហ៊ុនដាក់ប្រជែងដេញថ្លៃ ឃើញថា នៅឃុំចំនួនពីក្នុងស្រុកពួក នេះ ការដេញថ្លៃខ្ពស់ទាបជាងគ្នាចន្លោះចាប់៤ម៉ឺនរៀល ទៅប្រមាណ១លានរៀលតែប៉ុណ្ណោះ ។ ហេតុនេះហើយទើប អ្នកសង្កេតការណ៍មួយចំនួនក៏ដូចជាក្រុមហ៊ុនចូលរួមដេញថ្លៃមួយចំនួនលើកឡើងថា ៖«មានការសហការគ្នាដេញថ្លៃបានល្អ!»
ឆ្លើយតបនឹងការលើកឡើងខាងលើនេះ មន្រ្តីទីចាត់ការផែនការវិនិយោគខេថា ខេត្តសៀមរាប បាននិយាយថា តាមគោលការណ៍ គណៈកម្មាការដេញថ្លៃ បើក្រុមហ៊ុនណាដាក់ទាបជាងគេ គឺកម្មការទទួលយក ទោះបីតម្លៃដេញនោះប្រហាក់ហែលគ្នាយ៉ាងណាក្តី? ទោះបីយ៉ាងណា មន្រ្តីទីចាត់ការផែនការវិនិយោគខេត្តសៀមរាបម្នាក់ទៀតបាននិយាយថា គណៈកម្មការមានរយៈ៧ថ្ងៃក្រោយពីដេញថ្លៃ ដើម្បីពិនិត្យមើលមុនចុះកិច្ចសន្យា បើរកឃើញថា មានភាពមិនប្រក្រតី គណៈកម្មការដេញថ្លៃអាចស្នើលុបចោលការដេញថ្លៃនោះ៕